(អេក្វាឌ័រ)៖ ប្រធានាធិបតីអេក្វាឌ័រលោក ឡេលីន ម៉ូរ៉េណូ (Lenin Moreno) បានចេញមុខបញ្ជាក់ច្បាស់ៗថា ពុំមានវត្តមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីប្រទេសលោកឡើយ ហើយវាក៏នឹងគ្មានថ្ងៃកើតឡើងដែរ ជាពិសេសនៅទីប្រជុំកោះ ហ្គាឡាផាហ្គោស (Galapagos) នោះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ដើម្បីបង្ហាញការប្តេជ្ញាចិត្តអភិរក្សទីប្រជុំកោះ ហ្គាឡាផាហ្គោស លោក Moreno បានលើកឡើងដូច្នេះថា «ពុំមានហើយក៏គ្មានថ្ងៃមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីអេក្វាអេក្វាឌ័រឡើយ»។ ការបញ្ជាក់នេះ គឺជាការបង្ហាញគោលជំហររបស់រដ្ឋាភិបាលអេក្វាឌ័រទាំងមូល បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអេក្វាឌ័រ លោក អូស្វាល់ដូ ហ្សារីន (Oswaldo Jarrin) បានបង្ហើប ឲ្យដឹងពីកិច្ចព្រមព្រៀងមួយរវាងអេក្វាឌ័រ និងអាមេរិក ដែលអនុញ្ញាតឲ្យយន្តហោះអាមេរិកចូលចាក់សាំង ឬមួយក៏ចូលចតមួយរយៈខ្លី នៅឯអាកាសយានដ្ឋាន សានគ្រីស្តូបាល (San Cristobal) ដែលមានទីតាំងស្ថិតនៅលើទីប្រជុំកោះ Galapagos។
លោក Jarrin បាននិយាយថា យន្តហោះទាំងនោះនឹងចូលរួមក្នុងការអង្កេតផ្លូវអាកាស ដើម្បីប្រយុទ្ធប្រឆាំងការរត់ពន្ធគ្រឿងញៀន និងការនេសាទខុសច្បាប់ ប៉ុន្តែនឹងប្រើប្រាស់ព្រលានយន្តហោះ សាន់គ្រីស្តូបាល (San Cristobal) តែម្តងប៉ុណ្ណោះក្នុងមួយខែ ហើយមិនលើសពីបីថ្ងៃនោះទេ។ លោក Moreno ក៏បានសង្កត់ធ្ងន់ដែរថា ការអង្កេតផ្លូវអាកាសនេះ គឺជាសកម្មភាពរួមរវាងប្រទេសមួយចំនួន ដើម្បីរក្សាការពារទីប្រជុំកោះ Galapagos ដែលត្រូវបានអង្គការសហប្រជាជាតិ ចាត់ចូលជាបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៧៨។
គួរជម្រាបថា យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសអេក្វាអេក្វាឌ័រ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០០៨ ហាមមិនឲ្យបរទេសបោះទីតាំងមូលដ្ឋានទ័ព នៅក្នុងទឹកដីនៃប្រទេសអាមេរិកខាងត្បូងនេះឡើយ៕