សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធា «២៥០លានដុល្លារដល់អ៊ុយក្រែន» ជាការស្វាគមន៍ប្រធានាធិបតីថ្មី! (Video inside)
19-06-2019 13:22
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយជាបរិក្ខាយោធា ការបណ្ដុះបណ្ដាល និងការគាំទ្រដទៃទៀតគិតជាទឹកប្រាក់ស្មើនឹង ២៥០លានដុល្លារដល់ប្រទេសអ៊ុយក្រែន ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីគឺលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) ដែលត្រូវបានគេមើលឃើញថា ហាក់ដូចជាមាននយោបាយទន់ភ្លន់ចំពោះរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅក្នុងសប្ដាហ៍នេះបានបញ្ជាក់ទៀតថា ក្រោមជំនួយយោធាខាងលើ យោធាអ៊ុយក្រែននឹងទទួលបានកំាភ្លើងស៊ីប (sniper rifles) ប្រព័ន្ធរ៉ាដាបរិក្ខាឃ្លាំមើលនៅពេលយប់ និងប្រព័ន្ធទំនាក់ទំនងយោធាជាដើម។ មិនតែប៉ុណ្ណោះ កងម៉ារីន និងកងនាវាអ៊ុយក្រែន ក៏នឹងទទួលបានជំនួយយោធាទាំងនេះដែរ។
គួរបញ្ជាក់ថា បូករួមទាំងជំនួយលើកនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនមាន ទំហំទឹកប្រាក់ជាង ១.៥ពាន់លានដុល្លារគិតចាប់តាំងពីឆ្នាំ២០១៤មក។ ជំនួយទាំងនេះទៀតសោត គឺមានគោលដៅជួយពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយ ពីរុស្ស៊ី។ ដោយឡែករដ្ឋាភិបាលរុស្ស៊ីក៏បានចេញមុខស្វាគមន៍លោក Zelensky ក្រោយការជាប់ឆ្នោតផងដែរ ដោយរុស្ស៊ីជឿជាក់ថា អតីតតារាកំប្លែងអ៊ុយក្រែនរូបនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ វិលទៅរកភាពប្រសើរឡើងវិញ៕