(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុង ឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននាចុងខែនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ស៊ី ជិនពីង បានប្រាប់ឲ្យដឹងបែបនេះ បន្ទាប់ពីលោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមលោក ស៊ី អំឡុងកិច្ចសន្ទនានោះលោក ត្រាំ បានលើក ឡើងនូវសារៈសំខាន់ជាខ្លាំង នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក ដោយភាគីទាំងពីរសង្ឃឹមថា នឹងអាចស្វែងរកដំណោះស្រាយបានឆាប់ៗ សម្រាប់បញ្ហាវិវាទបច្ចុប្បន្ន។
លោក ស៊ី បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនមានភាពលម្អៀងលើក្រុមហ៊ុនចិនឡើយ ហើយលោកបានទទូចឲ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី តាមការសន្ទនាដោយ ស្មើភាព និងឈរលើការគោរព ព្រមទាំងការជឿទុកចិត្តគ្នាទៅវិញទៅមក។
គួរជម្រាបថា នេះគឺជាការបញ្ជាក់ទទួលស្គាល់ជាផ្លូវការពីភាគីចិន ដែលថាជំនួបលោក ត្រាំ និង លោក ស៊ី ពិតជានឹងកើតឡើងនៅអំឡុងកិច្ចប្រជុំកំពូល G20 ខណៈកន្លងមកមានតែខាងសេតវិមានប៉ុណ្ណោះ ដែលបានអះអាងថា មេដឹកនាំប្រទេសទាំងពីរនឹងជួបគ្នានៅ G20។
កិច្ចប្រជុំកំពូល G20 នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៨ដល់ទី២៩ ខែមិថុនានេះ នៅឯទីក្រុង អូសាកា (Osaka)។ មេដឹកនាំប្រទេសទាំងពីរបានជួបគ្នាម្តងរួចមកហើយ ពាក់ព័ន្ធបញ្ហាសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក នៅឯកិច្ចប្រជុំ G20 កាលពីចុងខែធ្នូ ឆ្នាំ២០១៨ ដែលប្រព្រឹត្តនៅរដ្ឋធានី ប៊ុយណូសអ៊ែរែស (Buenos Aires) របស់ប្រទេស អាហ្សង់ទីន។ ជំនួបកំពូលទ្វេភាគីលើនេះ ពិភពលោកទាំងមូលពិតជារំពឹងចង់ឃើញសញ្ញាវិជ្ជមាន ដើម្បីបញ្ចប់ភាពតានតឹងផ្នែកពាណិជ្ជកម្មជាសកល៕