(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បានបង្ហាញអការៈញ័រជើង និងដងខ្លួនស្ទើរមិនអាចទប់បាននៅពេលឈរលើវេទិកា ដើម្បីទទួលស្វាគមន៍ ដំណើរមកដល់ នៃប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Telegraph នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
ពិធីទទួលស្វាគមន៍ដំណើរមកដល់ នៃប្រធានាធិបតីអ៊ុយក្រែនថ្មីលោក វ៉ូលូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) បានប្រារព្ធឡើងកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីប៊ែរឡាំង ខណៈលោកស្រី មើគែល ត្រូវបានគេមើលឃើញថា ហាក់ដូចជាព្យាយាមទប់ខ្លួនខ្លាំងបំផុត ពេលឈរលើវេទិកាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែនៅសុខៗលោកស្រីស្រាប់តែញ័រជើង និងដងខ្លួនស្ទើរតែទប់លែងជាប់។ អ្នកតាមដានទាំងអស់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសុខភាពរបស់លោកស្រី ដែលជាមេដឹកនាំអាល្លឺម៉ង់ឈានចូលអាណត្តិទី ៤ របស់លោកស្រីទៅហើយនេះ។
គួរបញ្ជាក់ថា លោកស្រី មើគែល ដែលជាប់នាមជាស្ត្រីដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក បច្ចុប្បន្ននេះមានអាយុ ៦៤ឆ្នាំទៅហើយ ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្រីនៅតែអាចរក្សាបាន តាមរយៈការដឹកនាំប្រទេសរបស់លោកស្រី អស់ប៉ុន្មានអាណត្តិជាប់ៗគ្នា។ យ៉ាងណាក៏ដោយ ពុំមាន សេចក្តីរាយការណ៍ជាផ្លូវការណាមួយ អំពីអការៈពិតប្រាកដ (ជំងឺ) របស់លោកស្រីនោះឡើយ ប៉ុន្តែនៅពេល ត្រូវបានអ្នកសារព័ត៌មានសួរនាំអំពីរឿងនេះ លោកស្រីបានឆ្លើយតបថា លោកស្រីទើបទទួលទានទឹក អស់ចំនួន ០៣កែវ ហើយអការៈបានប្រសើរឡើងវិញហើយ៕