(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ខណៈសហរដ្ឋអាមេរិកកំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter លោក Shanahan បានបញ្ជាក់ទៀតថា លោកក៏បានដកខ្លួន ចេញពីការតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិកពេញសិទ្ធិផងដែរ ដើម្បីចំណាយពេលវេលាឱ្យ បានកាន់តែច្រើនជាមួយគ្រួសារ។ ប៉ុន្តែការសម្រេចចិត្តបែបនេះ របស់លោកធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ពីរឿងអាស្រូវអំពើហិង្សាក្នុងគ្រួសាររវាង លោក Shanahan និងអតីតភរិយាកាលពីឆ្នាំ២០១០។

ដោយឡែក ជុំវិញការលាលែងតំណែងនេះដែរ លោក ដូណាល់ ត្រាំ បានទទួលលិខិតលាលែង របស់លោក Shanahan ហើយ។ លោក ត្រាំ បានបន្ថែមដូច្នេះថា៖ «ខ្ញុំមិនបានសុំឱ្យគាត់លាលែង ពីតំណែងនោះទេ... ហើយនេះជាការសម្រេចចិត្តរបស់គាត់ផ្ទាល់»

គួរបញ្ជាក់ថា លោក Patrick Shanahan មានអាយុ ៥៦ឆ្នាំ បានឡើងកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី ជំនួសលោក Jim Mattis ដែលត្រូវបានលោក ត្រាំ ដកចេញពី តំណែងកាលពីពាក់កណ្ដាលឆ្នាំ២០១៧។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Mark Esper នឹងឡើងមកជំនួសតំណែងលោក Shanahan៕