(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម ១,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីការពារផលប្រយោជន៍ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីការគំរាមកំហែងណាមួយ ដោយប្រទេសអ៊ីរ៉ង់៕

 

២៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នាថ្ងៃអង្គារនេះ បាននិយាយថាប្រទេសលោកនឹងមិនធ្វើសង្រ្គាម តទល់ ជាមួយប្រទេសណាមួយឡើយ បន្ទាប់ពីសហរដ្ឋអាមេរិកទើបតែប្រកាសពីការដាក់ពង្រាយកម្លាំងយោធា បន្ថែមទៀតនៅមជ្ឈិមបូព៌ា។៕

 

៣៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃអង្គារនេះ បានចេញមុខសូមទោសជាថ្មី ម្តងទៀត ដល់មហាជនទាំងអស់ទូទាំងហុងកុង ហើយលោកស្រីបានបញ្ជាក់ថាលោកស្រីបានលឺសំឡេងពួកគេច្បាស់ ហើយ ក្រោយពីបាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើម បានកើតឡើងនៅក្នុងទីក្រុងស្វយ័តចិនមួយនេះដើម្បីប្រឆាំងនឹង គម្រោងអនុម័តច្បាប់បត្យាប័ន យ៉ាងចម្រូងចម្រាស់មួយរបស់លោកស្រី រហូតបង្ខំឲ្យលោកស្រីសម្រេចផ្អាក ផែនការនេះជាបណ្តោះអាសន្ន៕

 

៤៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថាអាចម៍ផ្កាយតូចមួយដុំទើបតែបានហោះទៅបុកផ្ទៃភពអង្គារ ថ្មីៗនេះ ដែលវាបានបង្កើតជារណ្តៅអាចម៍ផ្កាយមួយមានមុខប្រវែងចន្លោះពី ១៥-១៦ម៉ែត្រ៕

 

៥៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohammed Morsi បានទទួលមរណភាពហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងវ័យ៦៧ឆ្នាំ ក្រោយដួលសន្លប់នៅក្នុងបន្ទប់សវនាការនៃតុលាការទីក្រុងគែរ ខណៈកំពុងត្រូវបានសាកសួរ ពាក់ព័ន្ធនឹងបទចារកម្ម ដែលគេចោទប្រកាន់លើរូបលោក៕

 

៦៖ ស្ថានីយទូរទស្សន៍អាមេរិកឡាទីន តេឡេហ្សួ (Telesur) នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញផ្សាយព័ត៌មានរសើប មួយថា រដ្ឋាភិបាលអេក្វាឌ័របានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់ទីប្រជុំកោះ ហ្គាឡាផាហ្គោស (Galapagos) ជាមូលដ្ឋានមួយសម្រាប់យន្ដហោះរបស់កងទ័ពអាមេរិក៕