(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានសម្ដែងការជំទាស់នឹងរាល់សកម្មភាពទាំងឡាយណា ដែលរុញច្រានឱ្យស្ថានភាពបច្ចុប្បន្ន កាន់តែមានភាពស្មុគស្មាញបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងទ័ពថែម ១,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់ ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ខ្ពស់។ លោក វ៉ាង បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តន៍ការអត់ធ្មត់ ក៏ដូចជាបញ្ចៀសរាល់សកម្មភាពឯកភាគី និងគ្មានច្បាប់ទម្លាប់ទាំងឡាយ ណាដែលបង្កឱ្យស្ថានភាពកាន់តែស្មុគស្មាញ»។
បន្ថែមពីលើនេះក្រៅតែពីរំលឹកឱ្យសហរដ្ឋអាមេរិកបន្ធូរសម្ពាធប្រឆាំងអ៊ីរ៉ង់ លោក វ៉ាង យី ក៏បានស្នើ ផងដែរឱ្យទីក្រុងតេហេរ៉ង់ កុំបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពី ទីក្រុងតេហេរ៉ង់ប្រកាសចម្រាញ់ និងស្ដុកទុកសារធាតអ៊ុយរ៉ាញ៉ូមឡើងវិញនៅថ្ងៃទី២៧ ខែមិថុនានេះ។
គួរបញ្ជាក់ថា ការព្រួយបារម្ភថាជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មីក្រោយកប៉ាល់ដឹកប្រេង ០២គ្រឿងរងការវាយប្រហារ នៅឯឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុងតេហេរ៉ង់បដិសេធដោយចាត់ទុកថា វាជាការទម្លាក់កំហុសដោយគ្មានមូលដ្ឋានទាល់តែសោះ៕