(វ៉ាស៊ីនតោន)៖ កំឡុងនៃការផ្តល់បទសម្ភាសន៍មួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយសារព័ត៌មានអាមេរិក ABC News នៅឯសេតវិមានមានរឿងគួរឲ្យចាប់អារម្មណ៍ចំនួន ០៤កើតឡើង ខណៈនៅសល់រហូតដល់ ១៦ខែទៀតទើបការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មីត្រូវធ្វើឡើង៖
១៖ ដេញមន្រ្តីជំនិតឲ្យចេញក្រៅព្រោះតែរឿងក្អក
នៅពេលលោក ម៉ៃក៍ ម៉ាល់វ៉ាណេយ (Mick Mulvaney) ដែលប្រធានស្តីទីរបស់សេតវិមាន បានក្អកពីខាងក្រោយក្នុងកំឡុងកិច្ចសម្ភាសន៍ លោក ត្រាំ បានបង្ហាញទឹកមុខមិនពេញចិត្ត និងបានប្រាប់ឲ្យមន្រ្តីជំនិតរបស់លោករូបនេះ ចាកចេញពីបន្ទប់ការិយាល័យ Oval Office ដោយ លោក ត្រាំ បានបញ្ជាក់ថា លោកមិនចូលចិត្តឲ្យមានមនុស្សមកក្អកផ្តេសផ្តាស នៅពេលលោកកំពុងឆ្លើយសំណួរបែបនេះឡើយ។
២៖ បដិសេធការចុះផ្សាយព័ត៌មានថា លោកបានបណ្តេញអ្នកស្ទង់មតិ
យោងតាមការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានអាមេរិក ក្រុមយុទ្ធនាការលោក ត្រាំ បានបញ្ឈប់ការងារអ្នកស្ទង់មតិមួយចំនួនរបស់ខ្លួន បន្ទាប់ពីមានការលេចធ្លាយដែលបង្ហាញថា លោក ត្រាំ នឹងចាញ់បេក្ខជនមកបក្សប្រជាធិបតេយ្យ នៅតាមបណ្តារដ្ឋសំខាន់ៗ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយ ហើយលោក ត្រាំ បានអះអាងថា តាមពិតលោកកំពុងនាំមុខគេនៅក្នុងរដ្ឋទាំងនោះ សម្រាប់តំណែងប្រធានាធិបតីឆ្នាំ២០២០។
៣៖ ប្រៀបធៀបខ្លួនជាមួយអតីតប្រធានាធិបតី អាប្រាហាម លីងខិន (Abraham Lincoln)
លោក ដូណាល់ ត្រាំ បានលើកឡើងថា ពុំមានប្រធានាធិបតីអាមេរិកណាម្នាក់ផ្សេង ដែលរងការធ្វើបាបដោយអយុតិធម៌ដូចរូបលោកនោះឡើយ រួមទាំងលោក Abraham Lincoln ដែលត្រូវបានគេបាញ់សម្លាប់។ លោក ត្រាំ ដែលធ្លាប់តាំងនាមខ្លួនលោកថា «និស្សិតនៃប្រវត្តិសាស្ត្រ» ធ្លាប់បានប្រៀបប្រដូចខ្លួនលោក ទៅនឹងអតីតប្រធានាធិបតី ១៦ នៃសហរដ្ឋអាមេរិករូបនេះម្តងរួចមកហើយ កាលពីកំឡុងបទអត្ថាធិប្បាយមួយកាលពីខែកញ្ញា ឆ្នាំ២០១៩។
៤៖ ការពារជុំវិញបញ្ហាប្រាក់បំណុល
លោក ដូណាល់ ត្រាំ ធ្លាប់បានប្តេជ្ញាថា លោកនឹងលុបបំណុលជាតិចោលឲ្យអស់ នៅក្នុងរយៈពេលពីរអាណត្តិដែលលោកដឹកនាំសេតវិមាន។ លោកក៏ធ្លាប់បានលើកឡើងផងដែរថា «ពួកគេ (អតីតរដ្ឋបាលលោក អូបាម៉ា) បានធ្វើឲ្យបំណុលកើនឡើងទ្វេដងដោយមិនសមហេតុផល»។
នៅពេលត្រូវបានសួរថា ហេតុអ្វីក៏បំណុលមិនត្រូវបានកាត់បន្ថយនៅពេលលោកធ្វើជាប្រធានាធិបតី? លោក ត្រាំ បានតបវិញភ្លាមៗថា «ពិតណាស់! ប៉ុន្តែខ្ញុំក៏ត្រូវការកសាងយោធាឡើងវិញដែរ»។ លោក ត្រាំ បានលើកឧទាហរណ៍យ៉ាងដូច្នេះថា «យើងមានយន្តហោះចម្បាំង F-35s និង F-18s ដ៏ថ្មីស្រស់ស្អាត ព្រមទាំងកាំភ្លើង និងឯកសណ្ឋានយោធាថ្មីៗ»៕