(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្ដល់ជំនួយជាមូលនិធិថ្មី ដល់ប្រទេសអ៊ែលសាលប៉ាដ័រ (El Salvador), ហ្គាតេម៉ាឡា (Guatemala) និង ហុងឌួរ៉ាស់ (Honduras) ដោយសារតែប្រទេសក្នុងតំបន់អាមេរិកកណ្ដាលទាំង៣នេះ បរាជ័យក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី ម័រហ្គាន អ័រតាហ្គឹស (Morgan Ortagus) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសម្រេចចិត្តបញ្ឈប់ការផ្ដល់ជំនួយបន្ថែម ដល់ប្រទេសទាំងបីនេះ រហូតទាល់តែពួកគេចាត់វិធានការសកម្មភាពរឹងមំា ដើម្បីកាត់បន្ថយចំនួនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងសម្រុកចូលទៅកាន់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងផ្ដល់ជំនួយតាម
កម្មវិធីផ្សេងៗពីគ្នាក្នុងទំហឹទឹកប្រាក់ ៣៧០លានដុល្លារទៅកាន់តំបន់អាមេរិកកណ្ដាល ប៉ុន្តែនឹងផ្អាក ការផ្ដល់ជំនួយបន្ថែម ១៨០លានដុល្លារ ដែលសភាបានអនុម័តក្នុងឆ្នាំសារពើពន្ធ២០១៧៕