(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការស្ទង់មតិជាច្រើននាពេលកន្លងមកបានបង្ហាញថា លោកកំពុងនាំមុខគេ ក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៅក្នុងរដ្ឋ swing states ទាំង ១៧ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ជាច្រើនថា លោកបានបណ្ដេញមន្ត្រីស្ទង់មតិរបស់លោកជាច្រើននាក់ ដោយសារតែពួកគេបង្ហាញលទ្ធផលស្ទង់មតិថា ប្រធានាធិបតីអាមេរិករូបនេះ ចាញ់បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យដូចជាលោក ចូ បៃដិន (Joe Biden) ជាដើមនៅតាមរដ្ឋ swing states។
គួរបញ្ជាក់ថា បណ្តារដ្ឋ swing states គឺចង់សំដៅទៅលើរដ្ឋដែលបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមានការប្រកួតប្រជែងគ្នាខ្លាំង ដូចជានៅរដ្ឋ វីស្កន់សិន (Wisconsin), ភែនស៊ីលវេនៀ (Pennsylvania), ញូហេមស៍ភឺ (New Hampshire), មីនីសូតា (Minnesota), អារីហ្សូណា (Arizona), ហ្សកហ្ស៊ី (Georgia) និងរដ្ឋ វ៉ឺជីនៀ (Virginia) ជាដើម។
លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងប្រកាសពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការ នៅក្នុងទីក្រុង អូឡេនដូ (Orlando) រដ្ឋផ្លូរីដា (Florida) នៅក្នុងពិធីជួបជុំមួយដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅរដ្ឋ Florida)៕