(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា អាចម៍ផ្កាយតូចមួយដុំទើបតែបានហោះទៅបុកផ្ទៃភពអង្គារថ្មីៗនេះ ដែលវាបានបង្កើតជារណ្តៅអាចម៍ផ្កាយមួយមានមុខប្រវែងចន្លោះពី ១៥-១៦ម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
រណ្តៅអាចម៍ផ្កាយខាងលើបានបង្ហាញខ្លួនយ៉ាងច្បាស់ នៅក្នុងរូបភាពថ្មីសន្លាងមួយបានមកពីយានអវកាស MRO របស់ NASA ដែលបានបន្តនៅក្បែរភពអង្គារ (Mars) អស់រយៈពេលជាង ១៣ឆ្នាំមកហើយ។ យ៉ាងណាមិញ ពុំមានការកំណត់ជាក់លាក់អំពីពេលវេលា ដែលរណ្តៅអាចម៍ផ្កាយថ្មីនេះបានកកើតឡើងឡើយ ដោយការប៉ាន់ស្មានដែលប្រសើរបំផុត គឺនៅចន្លោះខែកញ្ញា ឆ្នាំ២០១៦ និងខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែកាមេរ៉ារបស់ MRO មិនអាចក្រឡេកមើលបានគ្រប់ទីកន្លែងក្នុងពេលតែមួយ។
គួរជម្រាបថា បើតាម NASA ដុំថ្មអវកាសដែលជាអ្នកបង្កើតរណ្តៅនោះ អាចមានមុខកាត់ទំហំ ១.៥ម៉ែត្រ ដែលបើធ្លាក់មកលើភពរបស់យើង ដែលមានបរិយាកាសក្រាស់ខ្លាំងជាងភពអង្គារវិញ នឹងត្រូវឆេះរលាយបាត់ទៅហើយ។ រូបភាពនៃរណ្តៅអាចម៍ផ្កាយថ្មីបែបនេះ ពុំមែនជារឿងកម្រអ្វីឡើយនៅលើភពអង្គារ ដោយក្នុងមួយឆ្នាំៗយានអវកាស MRO បានផ្តិតយករូបភាពស្រដៀងគ្នានេះ ដល់ទៅរាប់រយសន្លឹកឯណោះ៕