(អ៊ីស្លាម៉ាបាដ)៖ ការ Live វីដេអូនៃទិដ្ឋភាពសន្និសីទសារព័ត៌មានមួយ របស់អ្នកនយោបាយម្នាក់នៅប៉ាគីស្ថាន ត្រូវបានប្រព្រឹត្តទៅដោយខុសប្លែកពីរាល់ដង ដោយលើកនេះមុខងារ Cat Filter ដែលគេនិយមប្រើលេងសម្រាប់ធ្វើឲ្យមើលទៅ Cute បែរត្រូវ បានក្រុមការងារផ្នែកបណ្តាញសង្គម របស់លោកចុចបើកដោយអចេតនា ប្រការនេះបាបង្កទៅជា រឿងហេតុគួរឲ្យចាប់អារម្មណ៍ និងអស់សំណើចមួយទៅវិញ ពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងតំបន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
ការ Live វីដេអូអនឡាញនៅលើបណ្តាញសង្គម Facebook របស់លោក ហ្សាខាត់ យូសាហ្វហ្សៃ (Shuakat Yousafzai) ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅខេត្ត ឃីប៊ឺ ផាកទុនក្វា ((Khyber Pakhtunkhwa) បានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយវាបានបង្កភាពភ្ញាក់ផ្អើល ដោយសារតែសមាជិកម្នាក់ក្នុងក្រុមការងារកាន់គណនី Facebook របស់លោកបានច្រឡំបើកមុខងារ Cat Filter ធ្វើឲ្យមនុស្សដែលនៅពីមុខកាមេរ៉ា មើលទៅមានត្រចៀក និងរោមពុកមាត់ឆ្មា ហើយថ្ពាល់ក្រហមថែមទៀត។
កំឡុងការ Live វីដេអូនេះមានការចូល Comment ជាច្រើន ខណៈអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្គាល់ឃើញសភាពបែបនេះនៅលើ លោក Yousafzai និងមន្រ្តី០២នាក់ទៀត ដែលនៅ អមសងខាងលោក។ ប៉ុន្មាននាទីក្រោយការធ្វើសន្និសីទ វីដេអូខាងលើក៏ត្រូវបានលុបចោលផងដែរ ហើយលោក Yousafzai បានចេញមុខបញ្ជាក់ថា ហេតុការណ៍នេះគឺបានកើតឡើងដោយអចេតនា និងអំពាវនាវឲ្យមហាជនកុំប្រកាន់ខ្លាំងពេកព្រមទាំងសន្យាថា មិនឲ្យកំហុសបែបនេះកើតមានទៀតឡើយ។ ទោះបីជាយ៉ាងនេះក្តី វាពុំមែនជាការខុសឆ្គងអ្វីខ្លាំងនោះឡើយ តែវាបែរជាក្លាយជារឿងកំប្លែងទៅវិញ សម្រាប់បណ្តាញសង្គមក្នុងប្រទេសប៉ាគីស្ថាន និងសារព័ត៌មានបរទេសមួយចំនួន ខណៈមុខងារឃ្យូតៗបែបនេះ មានតែមនុស្សវ័យក្មេងប៉ុណ្ណោះ ដែលនិយមប្រើប្រាស់៕