(គែរ)៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohammed Morsi បានទទួលមរណភាពហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងវ័យ៦៧ឆ្នាំ ក្រោយដួលសន្លប់នៅក្នុងបន្ទប់សវនាការនៃតុលាការទីក្រុងគែរ ខណៈកំពុងត្រូវបានសាកសួរពាក់ព័ន្ធនឹងបទចារកម្ម ដែលគេចោទប្រកាន់លើរូបលោក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
លោក Morsi ដែលជាអតីតប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងគេបំផុត នៅក្នុង ប្រវត្តិសាស្ត្រអេហ្ស៊ីបសម័យទំនើប និងជាមេដឹកនាំអង្គការ Muslim Brotherhood ត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារ បន្ទាប់ពីលោកត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៣ មកម្លេះ។
ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប លោក Morsi បានទទួលមរណភាពដោយសារតែ ជំងឺគាំងបេះដូង។ ប៉ុន្តែ ក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បានអំពាវនាវឱ្យមានការស៊ើបអង្កេត ដោយបញ្ជាក់ថាអតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះ មិនបាន ទទួលការព្យាបាលត្រឹមត្រូវនោះទេ ចំពោះបញ្ហាសុខភាពដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹក នោមផ្អែមជាដើម។
គួរបញ្ជាក់ថា លោក Mohammed Morsi បានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០១២។ ប៉ុន្តែ កាន់អំណាចបានត្រឹមតែមួយឆ្នាំ លោកត្រូវបានគេទម្លាក់ចេញពីតំណែងដោយ រដ្ឋប្រហារយោធានៅឆ្នាំ២០១៣ ព្រមទាំងត្រូវបានគេកាត់ទោសដាក់ពន្ធនាគារ ៤៥ឆ្នាំផងដែរ៕