អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារក្នុងពិធីជប់លៀងក្រោយរៀនចប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៧នាក់រងរបួស
17-06-2019 13:35
(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងយ៉ាងតិច ០៧នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុង ភីឡាឌែលហ្វ្យ៉ា (Philadelphia) នៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ភាគខាងកើតសហរដ្ឋអាមេរិក។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអាមេរិក មនុស្សវ័យជំទង់ ០៤នាក់ និងយុវវ័យ ០៤នាក់ត្រូវបានគេបាញ់ ពេលកំពុងស្ថិតក្នុងពិធីជប់លៀងមួយ ដើម្បីអបអរការបញ្ចប់ការសិក្សានៅភាគនិរតីនៃទីក្រុង Philadelphia។ ជនរងគ្រោះម្នាក់ក្នុងចំណោមនោះ ដែលជាមនុស្សវ័យ ជំទង់ត្រូវប៉ូលិសបញ្ជាក់ថា បានបាត់បង់ជីវិតដោយសារតែរងរបួសធ្ងន់ធ្ងរពេក។
គួរជម្រាបថា ភ្លាមៗបែបនេះនេះមិនទាន់មានការបង្ហើបឲ្យដឹងពីមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារខាងលើនៅឡើយទេ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម ស្របដែលពេលអំពើហិង្សាដោយកាំភ្លើង បានផ្ទុះឡើងជាខ្លាំងអំឡុងចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង Philadelphia ដោយមនុស្សសរុប ២៦នាក់ត្រូវបានគេបាញ់ ហើយក្នុងនោះ ០៤នាក់ស្លាប់ ៕