(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចនឹងបើកកិច្ចពិភាក្សាមួយ ទាក់ទិននឹងការបញ្ជូនកងទ័ពអាមេរិកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីកប៉ាល់ដឹកប្រេង ០២គ្រឿង រងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយពី CNN នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
ស្ថានីយទូរទស្សន៍ CNN ផ្អែកលើប្រភពពីមន្ត្រីអាមេរិក ០២រូបបានបញ្ជាក់ទៀតថា កិច្ចពិភាក្សាពីការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា នឹងត្រូវធ្វើឡើងនៅប៉ុន្មានខាងមុខទៀតនេះ ដោយក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាមេរិក។ លើសពីនេះទៅទៀត មន្ត្រីអាមេរិកទាំងនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បាននិយាយដែរថា ការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot, យន្ដហោះចម្បាំង និងនាវាចម្បាំង បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា គឺអាចកំញើញ និងទប់ស្កាត់សកម្មភាពបង្កគ្រោះថ្នាក់ ណាមួយរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ សហរដ្ឋអាមេរិក ក៏បានប្រកាសពីការសម្រេចចិត្តបញ្ជូនកងទ័ព ១,៥០០នាក់ រួមទាំងប្រព័ន្ធមីស៊ីល Patriot យន្ដហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ តំបន់មជ្ឈិមបូព៌ាផងដែរ បន្ទាប់ពីចោទទីក្រុងតេហរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ ដឹកប្រេង៤គ្រឿង នៅឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ដោយឡែកទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ជាថ្មីលើអ៊ីរ៉ង់ថា បានវាយប្រហារលើកប៉ាល់ដឹកប្រេង ០២គ្រឿងនៅឯឈូងសមុទ្រសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ប៉ុន្តែ ទាំងការវាយប្រហារកាលពីលើកមុន និងលើកនេះសុទ្ធតែត្រូវបានអ៊ីរ៉ង់បដិសេធ៕