Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេលនេះចិនកំពុងត្រៀមនយោបាយលើធនធានរ៉ែ Rare Earth ដើម្បីតតាំងក្នុងសង្គ្រាមដំឡើងពន្ធជាមួយអាមេរិកហើយ!

17-06-2019 11:28

(ប៉េកាំង)៖ ស្ថាប័នទទួលបន្ទុករៀបចំផែនការនៃប្រទេសចិន បានឲ្យដឹងនាថ្ងៃចន្ទនេះថា ខ្លួននឹងធ្វើការសិក្សា អភិវឌ្ឍន៍ និងដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនានា ស្តីពីធនធានរ៉ែកម្រហៅថា Rare Earth នាពេលឆាប់ៗតាមតែអាចធ្វើបាន នៅចំពោះមុខជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រី ម៉េង វៃ (Meng Wei) អ្នកនាំពាក្យគណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ហៅកាត់ NDRC បានធ្វើការលើកឡើងខាងលើ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងប៉េកាំង ប៉ុន្តែពុំទាន់មានព័ត៌មានលម្អិតណាមួយ ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ។ យ៉ាងណាមិញលោកស្រី Meng បានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រឆាំងដាច់ខាតចំពោះការព្យាយាមប្រើប្រាស់ផលិតផល ដែលបង្កើតឡើងចេញពីធនធានរ៉ែ Rare Earth នាំចូលពីប្រទេសចិនមកគាបសង្កត់ភាពរីកចម្រើនរបស់ចិន។

គួរជម្រាបថា ក្នុងខែឧសភាកន្លងទៅ មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើនថា ទីក្រុងប៉េកាំងអាចនឹង ដាក់កំហិតលើការនាំចេញធនធានរ៉ែ Rare Earth ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន។

បើតាមរបាយការណ៍ ចិនជាប្រទេសគ្រប់គ្រងធនធានរ៉ែ Rare Earth ច្រើនជាងគេបំផុតលើលោក ដែលមានវត្តមាននៅលើពិភពលោកទាំងមូល ខណៈសហរដ្ឋអាមេរិកគឺអតិថិជនធំជាងគេបំផុត ដែលពឹងអាស្រ័យលើការនាំចូលរ៉ែប្រភេទនេះពីចិន។ ធនធានរ៉ែ Rare Earth គឺជា សមាសធាតុផ្សំយ៉ាងសំខាន់ នៅក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាទំនើបៗ រួមមានទាំងស្មាតហ្វូន រថយន្តអគ្គិសនី រហូតដល់បរិក្ខាយោធា និងសព្វាវុធផ្សេងៗ៕