(តាជីគីស្ថាន)៖ ប្រធានាធីបតីតួកគី លោក អឺដូហ្គាន់ បាននិយាយថា ប្រទេសលោកចង់អភិវឌ្ឍន៍ទំនាក់ទំនងល្អជាមិត្តភាពជាមួយរាល់តំបន់នានានៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទកំពូលលើកទី០៥ ស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA ដែលប្រព្រឹត្តទៅនៅទីក្រុង Dushanbe នៃប្រទេសតាជីគីស្ថាន លោក អឺដូហ្គាន់ បានលើកឡើងដូច្នេះថា «ទំនាក់ទំនងដែលយើងបានបង្កើតឡើងជាមួយប្រទេសឬតំបន់មួយ គឺមិនមែនមានគោលដៅប្រឆាំងនឹងប្រទេសដទៃ ឬមួយប្រទេសទីបីឡើយ។ ម៉្យាងវិញទៀត ពួកយើងនឹងព្យាយាមអភិវឌ្ឍន៍ទំនាក់ទំនងល្អ ជាមួយតំបន់គ្រប់ទិសទីជុំវិញពិភពលោក។»។
លោកប្រធានាធិបតីតួកគី បានបន្តគូសបញ្ជាក់ថា ដើម្បីបង្កើតបាននូវដំណោះស្រាយសម្រាប់សុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោកសព្វថ្ងៃនេះ គឺវាច្បាស់ណាស់ថា មធ្យោបាយបែបឯកតោភាគី មិនអាចទៅរួចនោះទេ ហើយលោកសង្ឃឹមថាបណ្តាមេដឹកនាំប្រទេសឯទៀតៗ ដែលបានទៅចូលរួមសន្និសីទ CICA ក៏មានទស្សនៈដូចរូបលោកដែរ។
គួរជម្រាបថា សន្និសីទ CICA ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសកាហ្សាក់ស្ថាន កាលពីឆ្នាំ១៩៩២ ជាមួយគោលដៅលើកកម្ពស់កិច្ចសន្ទនា ការសម្រេចចិត្ត និងអនុវត្តន៍វិធានការពាក់ព័ន្ធបញ្ហាសន្តិសុខនៅតំបន់អាស៊ី។ មកទល់បច្ចុប្បន្ន រដ្ឋអាស៊ីចំនួន២៧ គឺជាសមាជិក CICA ហើយចាប់តាំងពីឆ្នាំ២០១៤មក ទីស្នាក់ការកណ្តាលរបស់ CICA គឺស្ថិតនៅរដ្ឋធានី Nur-Sultan របស់កាហ្សាក់ស្ថាន៕