យន្តហោះខ្នាតតូច២គ្រឿង បុកគ្នាផ្ទុះឆេះលើផ្ទៃអាកាសប្រទេសនូវែលសេឡង់ ផ្តាច់ជីវិតអ្នកបើក២នាក់
16-06-2019 12:28
(វែលីងតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសនូវែលសេឡង់ បានឲ្យដឹងថា យន្តហោះខ្នាតតូច០២គ្រឿង បានបុកគ្នានៅលើផ្ទៃអាកាស ក្នុងក្រុង Masterton នៃកោះភាគខាងជើង។ នេះបើតមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសនូវែលសេឡង់ អ្នកបើកយន្តហោះទាំងពីរនាក់ នៃយន្តហោះទាំងពីរគ្រឿង បានបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងនាវេលាព្រឹកថ្ងៃអាទិត្យនេះ (ពេលវេលានៅនូវែលសេឡង់)។ សារព័ត៌មានក្នុងស្រុករបស់នូវែលសេឡង់ The New Zealand Herald បានរាយការណ៍ថា យន្តហោះខ្នាតតូចទាំងពីរគ្រឿង បានឆាបឆេះហើយធ្លាក់ពីលើមេឃ ក្រោយការបុកគ្នា។
គួរជម្រាបថា ខណៈការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុ នៅពីក្រោយគ្រោះថ្នាក់យន្តហោះបុកគ្នានេះ កំពុងតែប្រព្រឹត្តទៅមុខ សាក្សីមួយចំនួនបានប្រាប់ថា ហេតុការណ៍នេះគឺបានកើតឡើង ចំពេលដែលអាកាសធាតុ មានសភាពល្អជាធម្មតា៕