(រីយ៉ាដ)៖ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman ដូចទៅនឹងសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួនដែរ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយខ្នងការវាយប្រហារលើកប៉ាល់ដឹងប្រេង០២គ្រឿង នៅឈូងសមុទ្រអូម៉ង់ ដែលជាច្រកដឹកជញ្ជូនយ៉ាងសំខាន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។
ព្រះអង្គម្ចាស់ Bin Salman បានមានបន្ទូលដូច្នេះថា «ប្រទេសអ៊ីរ៉ង់មិនគោរពនាយករដ្ឋមន្រ្តីជប៉ុន ដែលខំទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ទាល់តែសោះ ព្រោះថាខណៈដែលលោកនាយករដ្ឋមន្រ្តីជប៉ុនកំពុងស្ថិតនៅទីនោះ អ៊ីរ៉ង់ស្រាប់តែឆ្លើយតបចំពោះកិច្ចប្រឹងប្រែងនេះ តាមរយៈការវាយប្រហារលើកប៉ាល់ដឹងប្រេង០២គ្រឿង ក្នុងនោះមួយគ្រឿងជារបស់ជប៉ុនតែម្តង»។ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ទ្រង់មិនចង់បានសង្រ្គាមនៅក្នុងតំបន់ទេ តែក៏មិនរារែកក្នុងការប្រឈមមុខជាមួយការគំរាមកំហែងនានាដែរ។
គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែមិថុនានេះ កប៉ាល់ដឹកប្រេង០២គ្រឿង មួយគ្រឿងជារបស់ន័រវែស និងមួយគ្រឿងជារបស់ជប៉ុន បានទទួលរងការបំផ្ទុះនៅឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ Hormuz។ ភ្លាមៗក្រោយករណីនេះ អាមេរិកបានចោទអ៊ីរ៉ង់ចំៗថា ជាអ្នកវាយប្រហារលើកប៉ាល់ទាំងពីរគ្រឿង ដោយពុំមានភស្តុតាងរឹងមាំណាមួយឡើយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួន។
តែយោធាអាមេរិកក្រោយមក ក៏បានបញ្ចេញឃ្លីបវីដេអូមួយ ដែលខ្លួនអះអាងថា ជាសកម្មភាពកងកម្លាំងអ៊ីរ៉ង់ដោះគ្រាប់មីនមិនផ្ទុះ ចេញពីកប៉ាល់ដឹកប្រេងមួយគ្រឿង ក្នុងចំណោមកប៉ាល់ទាំងពីរ។ ទោះជាបែបនេះក្តី វីដេអូនោះមិនបានបង្ហាញពីឈ្មោះ ឬក៏ទង់ដែលអាចបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដបានឡើយ។
ជុំវិញការចោទប្រកាន់ទាំងនេះ អ៊ីរ៉ង់បានចេញមុខបដិសេធចោលទាំងអស់ និងទទូចឲ្យបញ្ឈប់ការទម្លាក់កំហុសមកលើខ្លួនជាដដែលៗទៀត ព្រោះថាករណីវាយប្រហារស្រដៀងគ្នានេះ លើកប៉ាល់ដឹកប្រេង០៤គ្រឿងនៅតំបន់ខាងលើ កាលពីខែឧសភា ក៏អ៊ីរ៉ង់បានទទួលរងការចោទប្រកាន់ដែរ។ ករណីទាំងអស់នេះទៀតសោត គឺកើតឡើងចំពេលអ៊ីរ៉ង់និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងជាមួយខ្លាំង៕