(ញូដេលី)៖ ចាប់ពីថ្ងៃអាទិត្យនេះតទៅ ប្រទេសឥណ្ឌានឹងចាប់ផ្តើមយកពន្ធខ្ពស់ជាងមុន លើទំនិញចំនួន២៨មុខ ដែលនាំចូលមកពីសហរដ្ឋអាមេរិក ដែលចំណាត់ការនេះធ្វើឡើងក្រោយទីក្រុងវ៉ាស៊ីនតោន សម្រេចដកហូតសិទ្ធិទទួលបានការអនុគ្រោះពន្ធពីទីក្រុងញូដេលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋាភិបាលឥណ្ឌាបានសម្រេចធ្វើបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៥ ខែមិថុនានេះ បានបញ្ឈប់ការអនុគ្រោះពន្ធសម្រាប់ឥណ្ឌា នៅក្រោមប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ GSP ខណៈឥណ្ឌាគឺជាប្រទេសដែលទទួលបានប្រយោជន៍ធំធេងជាងគេ។ ក្នុងឆ្នាំ២០១៨ ទីក្រុងញូដេលីត្រូវបានអនុញ្ញាតឲ្យនាំទំនិញ ដែលគិតជាទំហំទឹកប្រាក់រហូតដល់៥.៦ពាន់លានដុល្លារ ចូលក្នុងទឹកដីអាមេរិក ដោយមិនជាប់ពន្ធនោះឡើយ។
គួរជម្រាបថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នឹងត្រូវមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងខែមិថុនានេះ។ ក្នុងសប្តាហ៍នេះ លោក Pompeo ក៏ធ្លាប់បាននិយាយដែរថា អាមេរិកស្វាគមន៍ការចរចាគ្នា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មជាមួយឥណ្ឌា។ លោក ត្រាំ បានសម្រេចកាត់ឈ្មោះឥណ្ឌាចេញពីផែនការ GSP ព្រោះលោកអះអាងថា ឥណ្ឌាមិនបើកចំហរទីផ្សារធំទូលាយគ្រប់គ្រាន់ សម្រាប់ក្រុមហ៊ុនអាមេរិក៕