(អាមេរិក)៖ យន្តហោះមានជើងហោហើរ Flight 627 របស់អាកាសចរណ៍អាមេរិក United Airlines បានរអិលចេញពីផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ក្នុងរដ្ឋ New Jersey។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិក ហេតុការណ៍ខាងលើ បានកើតឡើងនាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅ New Jersey) នៅពេលយន្តហោះ Flight 627 របស់ United Airway បានធ្វើដំណើរមកពីទីក្រុង Denver នៃរដ្ឋ Colorado។ មូលហេតុបឋមនៃការធ្វើឲ្យយន្តហោះ Boeing 757 នោះ រអិលចេញពីផ្លូវចុះចត ត្រូវបានអាជ្ញាធរអាកាសចរណ៍អាមេរិកបញ្ជាក់ថា មកពីកង់ផ្នែកនៅខាងឆ្វេងរបស់យន្តហោះ បានផ្ទុះបែកពេលចុះចត ខណៈការស៊ើបអង្កេតកំពុងបន្ត។
គួរជម្រាបថា យ៉ាងណាមិញ មនុស្សទាំង១៧២នាក់ ដែលរួមមានអ្នកដំណើរ១៦៦នាក់ និងបុគ្គលិកយន្តហោះ០៦នាក់ គឺពុំបានរងរបួសធ្ងន់ធ្ងរអ្វីឡើយ ដោយសារតែហេតុការណ៍នេះ៕