(ប៉េកាំង)៖ ក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថាទីក្រុងប៉េកាំង នឹងបង្កើនទំនាក់ទំនងជាមួយអ៉ីរ៉ង់។ ប៉ុន្តែដោយសារតែ ស្ថានភាពបច្ចុប្បន្នប្រែប្រួល ក្រុមអ្នកជំនាញមួយចំនួនយល់ថាចិនអាចនឹងយកសំណុំរឿងអ៉ីរ៉ង់ ធ្វើជាកម្មវត្ថុចរចាផ្សះផ្សាជម្លោះជាមួយសហរដ្ឋអាមេរិក ដែលកំពុងអំពាវនាវឱ្យសហគមន៍អន្តរជាតិឈប់រកស៊ី ជាមួយទីក្រុងតេហេរ៉ង់។

* ចិន និងអ៉ីរ៉ង់គឺជាមិត្តល្អនឹងគ្នាជារៀងរហូតមែនទេ?

ដើម្បីទប់ទល់នឹងទណ្ឌកម្មអាមេរិក អ៉ីរ៉ង់បានពឹងផ្អែកយ៉ាងខ្លាំងលើចិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយ
៣០ភាគរយនៃការនាំចេញ និងនាំចូលរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ គឺស្ថិតនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយ ទីក្រុងប៉េកាំង។ លើសពីនេះទៅទៀត ចិនបានចាត់ទុកអ៉ីរ៉ង់ជាផ្លូវមួយដ៏សំខាន់ ក្នុងការដឹកជញ្ជូនឥទ្ធិពលរបស់ខ្លួន ទៅកាន់តំបន់មជ្ឈិមបូព៌ា ឬអាចនិយាយម្យ៉ាងទៀតបានថាប្រទេសទាំង២ មិនមែនត្រឹមតែជាដៃគូពាណិជ្ជកម្មនឹងគ្នា ប៉ុណ្ណោះទេ តែក៏ជាដៃគូយុទ្ធសាស្ត្រផងដែរ។

ប៉ុន្តែ ដោយសារតែជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អ្នកជំនាញ ដូចជា លោក Jon Alterman ដែលជា នាយកកម្មវិធីតំបន់មជ្ឈិមបូព៌ា នៃវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក យល់ថាចិនអាចនឹងបោះបង់មិត្តចាស់ដូចជាអ៉ីរ៉ង់ នៅថ្ងៃណាមួយ។

ការលើកឡើងរបស់លោក Alterman មិនមែនមិនអាចទៅរួចនោះទេ ដ្បិតមួយរយៈពេលចុងក្រោយនេះ ចិនត្រូវ បានគេមើលឃើញថាបានបង្កើនការជួញដូរប្រេងជាមួយអារ៉ាប៊ីសាអូឌីត យ៉ាងសម្បើម។ ជាក់សែ្ដង បើតាមទិន្នន័យ នៃវិទ្យាស្ថានដដែល កាលពីឆ្នាំ២០១៨ ចិនបាននាំចូលប្រេងច្រើនជាង១២ភាគរយពីអារ៉ាប៊ីសាអូឌីត បើធៀបជាមួយ អ៉ីរ៉ង់ មានតែ៦ភាគរយប៉ុណ្ណោះ។ ក្នុងឆ្នាំដដែល អារ៉ាប៊ីសាអូឌីត បានដឹកជញ្ជូនប្រេងជាង ៥៦.៧៣លានតោន ទៅកាន់ប្រទេសចិន ឬស្មើនឹង១.១៣៥លានបារែលក្នុងមួយថ្ងៃឯណោះ ខណៈកាលពីខែមេសា ក្នុងឆ្នាំ២០១៩នេះ ទីក្រុងប៉េកាំងបាននាំចូលប្រេង ៦.៣លានតោនពីទីក្រុងរីយ៉ាដ ពោលគឺកើនឡើងជិត២ដង នៃប្រេងដែលខ្លួននាំ ចូលពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា បើតាមលោក Jon Alterman ស្របពេលដែលចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អ៉ីរ៉ង់ អ៉ីរ៉ង់វិញ តំណាងត្រឹមតែជាងមួយភាគរយប៉ុណ្ណោះ នៃពាណិជ្ជកម្មអន្តរជាតិរបស់ចិន។ ដូច្នេះហើយទើបលោកយល់ថានៅក្នុង ពេលបច្ចុប្បន្ន «អ៉ីរ៉ង់ត្រូវការចិន ប៉ុន្តែចិនអាចនឹងប្រើប្រាស់អ៉ីរ៉ង់ឱ្យអស់ប្រយោជន៍ ហើយបោះបង់ចោលតាមក្រោយ ក៏ថាបាន»៕

ប្រភព៖ South China Morning Post (ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩)