(អង់ការ៉ា)៖ វិស័យទេសចរណ៍គឺជាប្រភពទ្រទ្រង់សេដ្ឋកិច្ច ដ៏សំខាន់មួយសម្រាប់ប្រទេសតួកគី ដែលស្ថិតនៅតំបន់អំណោយផលចន្លោះទ្វីបអឺរ៉ុប និងអាស៊ី ខណៈទីក្រុងអ៊ីស្តង់ប៊ុលត្រូវបានទទួលស្គាល់ជាតំបន់ទេសចរប្រវត្តិសាស្ត្រ ដ៏ល្បាញជាងគេ។ ប៉ុន្តែពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺប្រទេសតួកគីបានពន្លិចយន្តហោះប្រភេទ Airbus មួយគ្រឿងដែលមានប្រវែងបណ្តាយ ៦៥ម៉ែត្រចូលទៅក្នុងសមុទ្រតែម្តង ដោយស្ថិតនៅក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលចូលចិត្តមុជទឹកកម្សាន្តមើលផ្កាថ្ម និងទេសភាពបាតសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ BBC នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។
យន្តហោះខាងលើនេះគឺជាប្រភេទ Airbus A330 ដែលជាម៉ូដែលចេញលក់ដំបូងបំផុតតាំងពីទសវត្សរ៍១៩៧០មកម្ល៉េះ។ វាត្រូវបានអាជ្ញាធរតួកគីយកទៅធ្វើការពន្លិចនៅក្នុងសមុទ្រ អេជីន (Aegean) ស្ថិតនៅក្បែរកំពង់ផែមួយនៃខេត្ត អeដឺណេ (Edirne) ជាមួយនឹងជម្រៅទឹក ៣០ម៉ែត្រ។ មន្ត្រីក្នុងតំបន់បានរំពឹងថា វានឹងក្លាយជាទីកន្លែងដែលអ្នកនិយមមុជទឹកកម្សាន្តប៉ងប្រាថ្នា ខណៈការពន្លិចយន្តហោះធំបែបនេះ គឺពុំធ្លាប់មានឡើយនៅលើពិភពលោក៕