(ឡុងដ៍)៖ សារព័ត៌មាន Daily Star របស់អង់គ្លេសបានចេញផ្សាយថា កងម៉ារីនទៅកាន់តំបន់ច្រកសមុទ្រអូម៉ង់ ដែលស្ថិតនៅក្បែរច្រកសមុទ្រហ័រមូស (Hormuz) ក្រោយនាវាដឹកប្រេងជប៉ុន និងន័រវែសសរុបពីរគ្រឿង បានទទួលរងការវាយប្រហារដោយបំផ្ទុះគ្រាប់មីន កាលពីថ្ងៃទី១៣ ខែមិថុនា និងក្រោយពីសហរដ្ឋអាមេរិកបានចោទចំៗតែម្តងថា វាជាទង្វើរបស់អ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។
សារព័ត៌មានអង់គ្លេសខាងលើនេះបានបញ្ជាក់ទៀតថា កងម៉ារីនខាងលើនេះនឹងធ្វើកិច្ចសហការជាមួយនឹងកងនាវាអង់គ្លេសដែលមានស្រាប់ នៅលើដែនទឹកអន្តរជាតិដែលជាតំបន់ធ្វើចរាចរណ៍ប្រេងដ៏សំខាន់បំផុតនេះ ដើម្បីស្រាវជ្រាវរកឧបករណ៍នានាដែលអាចបង្កគ្រោះថ្នាក់ និងត្រូវបានគេចោទថា ជារបស់ដែលអ៊ីរ៉ង់អាចដាក់បង្កៃ។ បេសកកម្មនេះស្ថិតនៅក្នុងន័យទប់ទល់អំពើភេរវកម្មដែលអាចកើតមាន តាមរយៈការត្រៀមកម្លាំងទប់ទល់ទុកជាមុន។
គួរបញ្ជាក់ថា កងម៉ារីនអង់គ្លេសខាងលើនេះគឺមានចំនួន ១២០នាក់។ ជុំវិញព័ត៌មាននេះក្រសួងការពារជាតិអង់គ្លេស ពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយនោះឡើយ។ ដោយឡែកទង្វើរបស់អង់គ្លេសនៅពេលនេះ ត្រូវបានគេមើលឃើញថា គឺជាការជួយគាំទ្រសហរដ្ឋអាមេរិក សម្រាប់យុទ្ធនាគារពង្រាយកម្លាំងយោធា និងសព្វាវុធនៅក្នុងតំបន់ ខណៈអាមេរិកផ្ទាល់កំពុងតែគំរាមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ស្រាប់ទៅហើយនោះ៕