(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងនៅថ្ងៃសៅរ៍នេះ បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ន នូវការអនុម័តលើសេចក្ដីព្រាង ច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកហើយ បន្ទាប់ពីមានបាតុកម្មតវ៉ាអស់រយៈពេលជាថ្ងៃកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានបញ្ជាក់ដូច្នេះថា «ដោយសារតែការសង្ស័យ និងការយល់ច្រឡំ វាបង្កឱ្យមានការបែកបាក់គ្នា ជុំវិញច្បាប់ធ្វើបត្យាប័នជនសង្ស័យ... ដូច្នេះរដ្ឋាភិបាលទីក្រុងហុងកុង សម្រេចផ្អាករាល់ការងារពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ហើយវិធានការបន្ទាប់នឹងត្រូវបានធ្វើឡើង ក្រោយពីមានពិគ្រោះយោបល់ជាមួយភាគពីពាក់ព័ន្ធ»

គួរបញ្ជាក់ថា លោកស្រី Carrie Lam ធ្លាប់បានអះអាងថា នឹងអនុម័តច្បាប់ធ្វើបត្យាប័នឱ្យបានសម្រេច បើទោះជាក្រុមអ្នកប្រឆាំងចោទថា ច្បាប់នេះនឹងបំផ្លាញដល់ស្វ័យភាពរបស់ទីក្រុងហុងកុងក៏ដោយ ខណៈទីក្រុងប៉េកាំងវិញ ក៏បានបង្ហាញការស្វាគមន៍ពេញទំហឹងផងដែរ ចំពោះការអនុម័តច្បាប់នេះ។

អ្វីដែលគ្រប់គ្នាគួរស្វែងយល់ នោះគឺសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក កើតមានឡើងក្រោយបុរសហុងកុងម្នាក់ ត្រូវបានគេចោទប្រកាន់ថា បានសម្លាប់មិត្តស្រីរបស់ខ្លួននៅលើទឹកដីកោះតៃវ៉ាន់ ប៉ុន្តែបុរសរូបនេះមិនត្រូវបានគេធ្វើបត្យាប័ន ត្រឡប់មកទីក្រុងហុងកុងវិញនោះទេ ដូច្នេះវាជារឿងលំបាកបំផុតក្នុងការអនុវត្តន៍ច្បាប់របស់​ហុងកុងទៅលើជនសង្ស័យឆ្លងប្រទេស ព្រោះតែច្បាប់បច្ចុប្បន្នមិនអនុញ្ញាត៕

.