(ម៉ូស្គូ)៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានព្យាយាមបាញ់មីស៊ីល ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់សហរដ្ឋអាមេរិក តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការវាយប្រហារ លើកប៉ាល់ដឹកប្រេង ០២គ្រឿងនៅឯឈូងសមុទ្រអូម៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។
ការអះអាងខាងលើរបស់ CNN ធ្វើឡើងដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចញឈ្មោះដែលបានបញ្ជាក់ថា យន្ដហោះដ្រូនស៊ើបការណ៍សម្ងាត់ US MQ-9 Reaper បានហោះអង្កេតការណ៍លើនាវា ជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ នៅក្បែរកប៉ាល់ដឹកប្រេង ០២គ្រឿង ដែលបានរងការវាយប្រហារ។ រំពេចនោះដែរ កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលមួយគ្រាប់ តម្រង់មកកាន់យន្ដហោះដ្រូនអាមេរិក ប៉ុន្តែមិនចំគោលដៅឡើយ ដោយគ្រាប់មីស៊ីលនោះបានធ្លាក់ចូលនៅក្នុងសមុទ្រ។
លើសពីនេះទៅទៀត ប្រភពខាងលើដដែលក៏បានអះអាងដែរថា ពីរថ្ងៃមុនមានឧប្បដិហេតុនៅសមុទ្រអូម៉ង់ យន្ដហោះដ្រូនអាមេរិកមួយគ្រឿងផ្សេងទៀត ត្រូវបានក្រុមឧទ្ទាមហ៊ូទីស្និទ្ធនឹងអ៊ីរ៉ង់ បាញ់ទម្លាក់នៅតំបន់សមុទ្រក្រហម។
គួរជម្រាបថា ខណៈមិនទាន់មានភស្ដុតាងគ្រប់គ្រាន់ សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ភ្លាមៗថា ជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន និងន័រវែស នៅឯឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ តែអ៊ីរ៉ង់បានបដិសេធ ហើយស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការទម្លាក់កំហុស និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន៕