(ប៉េកាំង)៖ ប្រភពពីសារព័ត៌មាន Business Times បានឲ្យដឹងថា ក្រុមហ៊ុនយក្សចិន Huawei កំពុងពិចារណាក្នុងការបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូន ដើរដោយប្រព័ន្ធប្រតិបត្តិការថ្មីដែលក្រុមហ៊ុនបានបង្កើតឡើងដោយខ្លួនឯងនោះគឺ Hongmeng OS (សម្រាប់ទីផ្សារក្នុងស្រុក) និង Ark OS (សម្រាប់ទីផ្សារអន្តរជាតិ) នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពីប្រព័ន្ធដំណើរការ Android របស់ Google ត្រូវដកខ្លួនចេញជាផ្លូវការ ដោយសារទណ្ឌកម្មអាមេរិកលើ Huawei។ នេះបើតាមការដកស្រង់ព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។
សម្រាប់ព័ត៌មានខាងលើនេះ គឺត្រូវបានលេចឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបច្ចេកវិទ្យាធំៗជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន Huawei បានវេចខ្ចប់ទូរស័ព្ទដើរដោយ Hongmeng ប្រមាណ ១លានគ្រឿងរួចទៅហើយ ដែលអាចនឹងចេញលក់នៅក្នុងទីផ្សារចិនជាទឹកដីកំណើតរបស់ខ្លួន។ យ៉ាងណាក៏ដោយអ្នកជំនាញបានអះអាងថា Hongmeng ឬ Ark OS គឺជាប្រព័ន្ធដំណើរដែលមានលក្ខណៈជា Open Source ដូច្នេះរាល់កម្មវិធីទាំងអស់របស់ Android OS គឺអាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធដំណើរការដែល Huawei បានបង្កើតឡើងដោយខ្លួនឯងនេះ។
គួរបញ្ជាក់ថា បើតាមថ្នាក់ដឹកនាំ Huawei លោក Richard Yu បានបញ្ជាក់កាលពីពេលថ្មីៗនេះ ប្រព័ន្ធដំណើរការថ្មីរបស់ Huawei ត្រូវបានត្រៀមលក្ខណៈរួចរាល់ ដើម្បីដំឡើងនៅគ្រប់ឧបករណ៍បច្ចេកវិទ្យាទាំងអស់របស់ក្រុមហ៊ុននេះដូចជា ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រជាដើម។ ជុំវិញរឿងនេះ Business Times ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុនយក្ស Tencent ដោយក្នុងនោះគេបានធ្វើតេស្ត OS ថ្មីរបស់ Huawei ជាមួយនឹងស្មាតហ្វូនពីបណ្តាក្រុមហ៊ុនធំៗក្នុងស្រុករបស់ចិនដូចជា Oppo និង Vivo ជាដើម ប៉ុន្តែខាងក្រុមហ៊ុន Huawei ពុំទាន់ចេញផ្សាយដំណឹងជាផ្លូវការ ឆ្លើយតបនឹងការលើកឡើងនេះឡើយ។
ទោះបីជាយ៉ាងណាការត្រៀមខ្លួន និងបញ្ចេញប្រព័ន្ធដំណើរការថ្មីហាក់បានបង្ហាញអំពីការលែងខ្វាយខ្វល់ចង់បាន Android ត្រឡប់មកវិញក៏បានថា ខណៈអតិថិជនជាច្រើននៅលើទីផ្សារអន្តរជាតិ បានទាមទារឲ្យក្រុមហ៊ុនបញ្ចេញ OS ផ្ទាល់ខ្លួន និងឈប់ពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងស្រុងពីអាមេរិក ដែលនាំឲ្យងាយទទួលរងហានិភ័យដូចពេលនេះ។ ដូច្នេះព័ត៌មានជាផ្លូវការមានតែរង់ចាំការប្រកាសពីក្រុមហ៊ុន Huawei ប៉ុណ្ណោះ ដែលវានឹងអាចកើតឡើងនៅកំឡុងខែកញ្ញា ដែលជាពេល Huawei ត្រូវបញ្ចេញស្មាតហ្វូត Mate 30 Series ដ៏ល្បីល្បាញបំផុត៕