(ហាណូយ)៖ អាជ្ញាធរវៀតណាម បានរឹបអូសភ្លុកសត្វដំរី និងស្រកាសត្វពង្រូលអាហ្វ្រិក សរុបទម្ងន់៧.៥តោន ដែលនេះគឺជាករណីមួយក្នុងចំណោមករណីជួញដូរសត្វព្រៃ ដែលធំជាងគេបំផុត នៅក្នុងប្រទេសវៀតណាម, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៤ ខែមិថុនានេះ។

ភ្លុកដំរីចំនួន៣.៥តោន និងស្រកាពង្រូលចំនួន៤តោន ត្រូវបានរកឃើញ នៅថ្ងៃពុធនៅក្នុងធុងជាច្រើន នៅពេលដែលក្រុមមន្ត្រីពន្ធគយ បានត្រួតពិនិត្យកុងទីន័រមួយគ្រឿង ដែលដឹកបញ្ជូនមកពីភាគខាងជើង កំពង់ផែហៃពុង ប្រទេសវៀតណាម។

ធុងដែក ដែលផ្ទុកភ្លុកដំរី និងស្រកាពង្រូលនេះ ត្រូវបានដាក់លាយឡំគ្នា ជាមួយនឹងធុងផ្ទុកជ័រកៅស៊ូជាច្រើនទៀត ដើម្បីលាក់បាំងការជួញដូរបំណែកសត្វព្រៃ ពីអាជ្ញាធរពន្ធគយ។

មិនមានអ្នកណាម្នាក់អះអាងថា ទំនិញដែលដឹកជញ្ជូននេះជាកម្មសិទ្ធរបស់ខ្លួននោះឡើយ ហើយព័ត៌មានលម្អិតក៏មិនមានដែរ ពាក់ព័ន្ធនឹងប្រភពដើមនៃទំនិញទាំងនេះ។

ការបរបាញ់ និងជួញដូរភ្លុកដំរី និងស្រកាសត្វពង្រូល ត្រូវជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ នៅក្នុងប្រទេសវៀតណាម។ លើសពីនេះ, ប្រទេសវៀតណាម ក៏ជាគោលដៅរួម សម្រាប់ការជួញដូរបំណែកសត្វព្រៃ និងជាចំណុចផ្ទេរ សម្រាប់ការជួញដូរភ្លុកដំរី និងបំណែកសត្វព្រៃផ្សេងទៀត ទៅកាន់ប្រទេសចិន។

សូមជម្រាបថា សត្វពង្រូល ត្រូវបានគេបញ្ជាក់ថា ជាប្រភេទថនិកសត្វ ដែលគេជួញដូរខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ស្រការបស់សត្វប្រភេទនេះ ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីផលិតឱសថបូរាណ៕