(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាកំពុងត្រៀមរៀបចំដំឡើងពន្ធ នៅក្នុងកម្រិតដ៏ខ្ពស់មួយ លើផលិតផលមួយចំនួន ដែលនាំចូលពីសហរដ្ឋអាមេរិក បន្ទាប់ពីពន្យារពេលចាត់វិធានការបែបនេះជាច្រើនដងរួចមកហើយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។
Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានបានឱ្យដឹងទៀតថា ផលិតផលអាមេរិកដែលត្រូវដំឡើងពន្ធមានចំនួន ២០មុខ ក្នុងនោះរួមមានគ្រាប់អាល់ម៉ុន (almonds), សណ្តែងវ៉ល់ណាត់ (walnuts) និងផ្លែប៉ោមជាដើម ហើយការដំឡើងពន្ធនេះអាចស្នើនឹងទំហំជាទឹកប្រាក់ប្រមាណ ២២០លានដុល្លារ។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដកឥណ្ឌាចេញពីគោលការណ៍ដៃគូពាណិជ្ជកម្មពិសេស ជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានគេចោទថា ជាការបោះជំហានបែបគាំពារនិយមកាន់តែខ្លាំងពីអាមេរិក ប៉ុន្តែនឹងធ្វើឲ្យឥណ្ឌាកាន់តែលំបាក ខណៈប្រជាជនជាង ២០០លាននាក់នៃមហាយក្សលេខ ២ ប្រចាំតំបន់អាស៊ីននេះ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ។
ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោតរបស់លោក ដូណាល់ ត្រាំ គឺមានគោលដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ តាមរយៈការ ដាក់សម្ពាធឱ្យទីក្រុងញូដេលី បើកទ្វារទីផ្សារទទួលផលិតផលអាមេរិកបន្ថែម។ បើតាមលោក ត្រាំ ឱនភាពពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាមេរិកមានប្រមាណ ២៧.៣ពាន់លានដុល្លារ។ ទោះបីជាបែបនេះក្តី ឥណ្ឌាមិនទាន់មានសញ្ញាថា នឹងត្រូវធ្វើតាមការគំរាមរបស់សហរដ្ឋអាមេរិក នៅឡើយទេ ខណៈដែលចិនវិញកំពុងបញ្ចុះបញ្ចូលឲ្យឥណ្ឌា រួមដៃគ្នាទប់ទល់នយោបាយបែប គាំពារនិយមរបស់អាមេរិក និងស្តារច្បាប់ពាណិជ្ជកម្មសកលឡើងវិញ៕