Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាន់តែកើតមានករណីផ្ទុះឆេះនាវាដឹកប្រេងពីរគ្រឿងភ្លាម អាមេរិកចេញមុខចោទអ៊ីរ៉ង់ភ្លែតតែម្តង ដែលធ្វើគេនឹកឃើញដល់អតីតកាលស្រដៀងគ្នា...

14-06-2019 11:44

(វ៉ាស៊ីនតោន)៖ ការអះអាងភ្លាមៗរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលថាអ៊ីរ៉ង់ជាជនដៃដល់នៅពីក្រោយករណីវាយប្រហារ លើកប៉ាល់ដឹកប្រេងពីរគ្រឿង នៅឈូងសមុទ្រអូម៉ង់ គឺជារឿងគួរឲ្យសង្ស័យខ្លាំង ខណៈមានក្តីព្រួយបារម្ភថាទីក្រុងវ៉ាស៊ីនតោន អាចយកហេតុការណ៍នេះធ្វើជាលេសដើម្បីបង្កសង្រ្គាមឡើង ឬក៏អាចការបង្ខំឲ្យអ៊ីរ៉ង់ចូលមកតុចរចា។ នេះបើតាមសម្តីអតីតមន្រ្តីក្រសួងការបរទេសអាមេរិក លោក ជីម ហ្សាត្រាស (Jim Jatras) ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

កាលពីថ្ងៃព្រហស្បតិ៍កប៉ាល់ដឹកប្រេងជប៉ុនមួយគ្រឿង និងន័រវេសមួយគ្រឿង បានទទួលរងការផ្ទុះឆេះនៅឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រហ័រមូស (Hormuz) ខណៈមូលហេតុពិតប្រាកដនៅពីក្រោយហេតុការណ៍នេះ នៅមិនទាន់ដឹងច្បាស់ឡើយនោះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានចេញមុខទម្លាក់កំហុសភ្លាមៗ លើប្រទេសអ៊ីរ៉ង់។ បន្ទាប់មកទៀតក៏មានការ បញ្ជូននាវាពិឃាតមួយគ្រឿង របស់ទ័ពជើងទឹកអាមេរិកទៅកាន់តំបន់នោះភ្លែតតែម្តង។

បើតាមលោក Jastras ការអះអាងយ៉ាងឆាប់រហ័សរបស់អាមេរិក គឺពិតជាគួរឲ្យសង្ស័យខ្លាំង ដោយគ្រាន់តែមួយភ្លែតសោះ ពួកគេដឹងច្បាស់ណាអ្នកណាជាអ្នកពីក្រោយ។ កាលពីខែឧសភាកន្លងទៅ ក៏មានករណីវាយប្រហារស្រដៀងគ្នានេះដែរ កើតឡើងចំពោះកប៉ាល់ដឹងប្រេង ០៤គ្រឿងនៅក្បែរច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់គឺជាអ្នករងការចោទប្រកាន់ដូចគ្នា។

លោក Jastras បានប្រៀបធៀបហេតុការណ៍វាយប្រហារកប៉ាល់ដឹកប្រេងទាំងនេះ ជាមួយនិងហេតុការណ៍នៅឈូងសមុទ្រ តុងកឹង (Tonkin) កាលពីឆ្នាំ១៩៦៤ ដែលមានការចោទប្រកាន់ថា កាណូតបំពាក់មីស៊ីលបាញ់ក្រោមទឹករបស់វៀតណាមខាងជើង បានវាយប្រហារលើនាវាពិឃាតអាមេរិក ព្រមទាំងហេតុការណ៍វាយប្រហារអាវុធគីមីនៅស៊ីរី និងការផ្លោងគ្រាប់របស់ស៊ែប៊ីនៅ បូស្នី (Bosnia) ជាដើម៕