(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាតប្រដាប់ដោយមីស៊ីលមួយគ្រឿងទៀត ទៅកាន់តំបន់ ឈូងសមុទ្រអូម៉ង់ ជាមួយការអះអាងថាគ្មានបំណងបង្កជម្លោះណាមួយនៅក្នុងតំបន់មជ្ឈិមនោះឡើយ។ ប៉ុន្តែ ការសម្រេចចិត្តបញ្ជូននាវាចម្បាំងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកចោទអ៉ីរ៉ង់ថាជាអ្នកនៅពី ក្រោយការវាយប្រហារលើ កប៉ាល់ដឹកប្រេង២គ្រឿងនៅឈូងសមុទ្រអូម៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទីបញ្ជាការកណ្ដាលយោធា អាមេរិក (CENTCOM) បានឱ្យដឹងទៀតថា នាវាពិឃាត USS Mason នឹងត្រូវចូលរួមជាមួយនាវាពិឃាត USS Bainbridge នៅឯតំបន់ឈរជើងក្បែរកប៉ាល់ដឹងប្រេងជប៉ុន Kokuka Courageous ដែលរងការ វាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។
CENTCOM បន្ថែមដូច្នេះថា៖ «ការបញ្ជូននាវាពិឃាត USS Mason ទៅកាន់តំបន់ឈូងសមុទ្រអូម៉ង់ មិនមែនមានគោលដៅបង្កជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ...តែគឺដើម្បីការពារផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្ត... សង្រ្គាមជាមួយអ៉ីរ៉ង់មិនស្ថិតនៅក្នុងផលប្រយោជន៍យុទ្ធសាស្ត្ររបស់យើង ហើយក៏មិនមែន ជាផលប្រយោជន៍សម្រាប់សហគមន៍អន្តរជាតិទំាងមូលដែរ»។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់អ៉ីរ៉ង់ត្រង់ៗតែម្ដងថា ជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន Kokuka Courageous និងកប៉ាល់ដឹកប្រេង ន័រវេស Front Altair កាលពីថ្ងៃព្រហស្បតិ៍ នៅឯឈូងសមុទ្រអូម៉ង់។ ប៉ុន្តែ អ៊ីរ៉ង់បានទាត់ចោលការប្រកាន់ នេះដោយចាត់ទុកថាវាជាការអះអាងគ្មានមូលដ្ឋាន និងមួលបង្កាច់៕