Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ចោទអ៉ីរ៉ង់ថាជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុននៅឈូងសមុទ្រអូម៉ង់ ចំថ្ងៃទស្សនកិច្ច របស់លោក អាបេ (Video inside)

14-06-2019 08:48

​(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់អ៉ីរ៉ង់ត្រង់ៗតែម្ដងថា ជាអ្នកនៅពីក្រោយការវាយប្រហារលើ កប៉ាល់ដឹកប្រេងជប៉ុនមួយគ្រឿង និងន័រវេសមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ នៅឯឈូងសមុទ្រអូម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមលោក ប៉ុមប៉េអូ ការអះអាងរបស់លោក គឺធ្វើឡើងដោយផ្អែកលើការវិភាគពីប្រភេទអាវុធដែល គេប្រើប្រាស់ក្នុងការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំង២គ្រឿងខាងលើ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ សេចក្ដីរាយការណ៍ពីការវាយប្រហារលើ កប៉ាល់ដឹកប្រេងជប៉ុនឈ្មោះ Kokuka Courageous និងកប៉ាល់ Front Altair ដែលជាកម្មសិទ្ធិរបស់ន័រវេស កើតមានឡើងនៅចំពេលនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ កំពុងបំពេញទស្សនកិច្ចនៅអ៉ីរ៉ង់។

យ៉ាងណាក៏ដោយ បេសកកម្មការទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដោយទុកថាវាគឺជា ការអះអាងគ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមនាវិករាប់សិបនាក់ នៅលើកប៉ាល់ Kokuka និងកប៉ាល់ Front Altair ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីមានហេតុការណ៍ផ្ទុះជាច្រើនលើកបានកើតឡើង។ ម្យ៉ាងវិញទៀត ការផ្ទុះនេះទៀតសោត កើតមានឡើងតែជាងមួយខែប៉ុណ្ណោះ ក្រោយកប៉ាល់ដឹកប្រេង ៤គ្រឿង រងការវាយប្រហារនៅឯឈូងសមុទ្រ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីខែឧសភា កន្លងទៅ រីឯសហរដ្ឋអាមេរិក ក៏ធ្លាប់បានចោទអ៉ីរ៉ង់ថាជាអ្នកប្រព្រឹត្តផងដែរ៕