(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានចេញមុខព្រមានឥណ្ឌាថា ការដែលឥណ្ឌានៅតែប្តេជ្ញាទិញប្រព័ន្ធមីស៊ីល ការពារ ដែនអាកាស S-400 ពីប្រទេសរុស្ស៊ី អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងទិញសព្វាវុធរវាងទីក្រុងញូដេលី និងទីក្រុងវ៉ាស៊ីនតោន ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋាភិបាលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទំហំ៥.៤៣ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធ S-400 របស់រុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ហើយកាលពីសប្តាហ៍មុននេះ ក្រសួងការបរទេសឥណ្ឌា ទើបតែបានចេញសេចក្តីថ្លែងការណ៍បង្ហាញពី ការតាំងចិត្តមិនបោះចោល កិច្ចព្រមព្រៀងនេះឡើយ បើទោះបីជាត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ។
គួរជម្រាបថា ច្បាប់មួយហៅកាត់ថា CAATSA ដែលសភាអាមេរិកអនុម័តកាលពីឆ្នាំ២០១៧ ផ្តល់សិទ្ធិឲ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការ ដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីលើប្រទេសទាំងឡាយណា ដែលហ៊ានទិញអាវុធពីប្រទេសរុស្ស៊ី។ ខណៈឥណ្ឌានិងតួកគី កំពុងតែប្រឈមមុខនឹងទណ្ឌកម្ម អាមេរិកបានប្រើច្បាប់នេះកាលពីខែកញ្ញា ឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសចិន ជុំវិញ ការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ីដូចគ្នា៕