(តេហេរ៉ង់)៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នាថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរ បំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានលើកឡើងថា នឹងពុំមានកិច្ចចរចាណាមួយកើតមានឡើង ជាមួយសហរដ្ឋអាមេរិកឡើយ ជុំវិញភាពតានតឹងនៃប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

នាឱកាសទទួលជួបពិភាក្សាជាមួយលោក អាបេ លោក Khamenei បានបញ្ជាក់ថា «អ៊ីរ៉ង់មិនទុកចិត្តអាមេរិកឡើយ។ អ៊ីរ៉ង់នឹងគ្មាន ថ្ងៃប្រព្រឹត្តកំហុសច្រំដែលនៃការសុខចិត្តចូលទៅអង្គុយចរចាជាមួយអាមេរិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ ២០១៥ ទៀតនោះទេ»។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ប្រទេសដែលឈ្លាសវៃនិងមានសិទ្ធិសេរីភាព គឺនឹងមិនព្រម ទៅ ចរចាក្រោមការដាក់សម្ពាធដាច់ខាត»។

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០១៨ ហើយចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ ភាពតានតឹងប្រទេសទាំងពីរ ក៏បានកើនឡើងកម្តៅ ជាខ្លាំងកាលពីខែឧសភាកន្លងទៅនេះ នៅពេលអាមេរិកបានចល័តសព្វាវុធចម្រុះមកកាន់តំបន់មជ្ឈិមបូព៌ា ក្រោមលេសថាមានការ គំរាមកំហែងពីអ៊ីរ៉ង់នៅក្នុងតំបន់។

ទាក់ទិននឹងភាពតានតឹងខាងលើ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរមកដល់រដ្ឋធានីតេហេរ៉ង់ នៅថ្ងៃពុធ សប្តាហ៍នេះ ជាមួយគោលដៅចង់ជួយបន្ធូរបន្ថយស្ថានការណ៍រវាងអ៊ីរ៉ង់និងអាមេរិក ខណៈវាគឺជាលើកទីមួយ ក្នុងអំឡុងពេល ប្រមាណជា០៤ទសវត្សរ៍កន្លងមកនេះ ដែលមេដឹកនាំជប៉ុនបានឈានជើងជាន់ទឹកដីប្រទេសអ៊ីរ៉ង់៕