(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ឱសានវាទឱ្យតួកគីលុបចោលគម្រោងទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងអង់ការ៉ា រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បានសង្កត់ធ្ងន់ទៀតថា គ្មានប្រទេសណាមួយអាចដាក់ឱសានវាទលើតួកគីបាននោះទេ ហើយទីក្រុងអង់ការ៉ានៅតែរក្សាសិទ្ធិក្នុងនាមជាប្រទេសមានអធិបតេយ្យភាពផ្ទាល់ខ្លួនក្នុងការធ្វើពាណិជ្ជកម្ម ឬទិញអាវុធពីប្រទេសជាដៃគូ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍សហរដ្ឋអាមេរិក បានហាមពីឡុតតួកគីចូលរួមវគ្គបណ្ដុះបណ្ដោល បើកបរយន្ដហោះចម្បាំង F-35 ហើយថែមទាំងព្រមានដែរថា នឹងលុបចោលគម្រោងលក់យន្ដហោះចម្បាំងនេះ ឱ្យតួកគី បើសិនជាតួកគីនៅតែមិនព្រមបោះបង់ចោលគំនិតចង់ទិញ S-400 ពីរុស្ស៊ីនៅត្រឹមចុង ខែកក្កដាខាងមុខនេះទេនោះ៕