(ហុងគ្រី)៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រី រយៈពេល២ថ្ងៃ ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិខ្លះៗនៃប្រទេសហុងគ្រី ជំរាបជូនដូចតទៅ៖
ហុងគ្រីគឺជាប្រទេសមួយស្ថិតនៅចំកណ្ដាលទ្វីបអឺរ៉ុប (អឺរ៉ុបកណ្ដាល) ហើយមិនមានព្រំដែន ជាប់សមុទ្រនោះទេ។ ហុងគ្រី ធ្លាប់នៅក្រោមអាណានិគមរបស់ អាណាចក្រអូតូម៉ង់ និង Habsburg រហូតដល់ស.វទី១៦ ព្រមទាំងបានក្លាយជាប្រទេសឯករាជ្យ នៅក្រោយសង្រ្គាមលោកលើកទី១ ដោយប្រកាន់យករបបកុម្មុយនីស្ដ អស់រយៈពេលរាប់ទសវត្សរ៍ មុននឹងក្លាយជាសាធារណរដ្ឋប្រជាធិបតេយ្យសេរី និងជាសមាជិកសហភាពអឺរ៉ុបដូចបច្ចុប្បន្ន។
* ភូមិសាស្ត្រ
* ហុងគ្រីគ្មានព្រំដែនជាប់សមុទ្រទេ ប៉ុន្តែមានបឹងដ៏ធំមួយឈ្មោះ Lake Balaton
* រដ្ឋធានី Budapest
* ប្រជាជនមានចំនួន១០លាននាក់ (ឆ្នាំ២០១៨)
* មានផ្ទៃដីសរុប៩៣,០៣០គីឡូម៉ែត្រក្រឡា
* និយាយភាសាហុងគ្រី
* គ្រឹស្ដគឺជាសាសនាមានអ្នកប្រតិបត្តិតាមភាគច្រើន
* រូបិយវត្ថុ Forint
* ហុងគ្រីមានព្រំដែនគោកជាប់៖ ប្រទេសស្លូវ៉េនី, អ៊ុយក្រែន, អូទ្រីស, ក្រូអាត, រ៉ូម៉ានី, ស៊ែប៊ី និងស្លូវ៉ាគី
* នយោបាយ
ហុងគ្រី ជាសាធារណរដ្ឋប្រជាធិបតេយ្យអាស្រ័យសភា ដោយមានប្រធានាធិបតីជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីជាអ្នកដឹកនាំរដ្ឋាភិបាល។ គណបក្សកាន់អំណាចបច្ចុប្បន្ន គឺគណបក្ស Fidesz រីឯប្រធានាធិបតីគឺលោក Janos Ader ហើយនាយករដ្ឋមន្ត្រីគឺលោក Viktor Orban។ ចំណែកឯ គណបក្សប្រឆាំងធំជាងគេគឺ Socialist Party។
* សេដ្ឋកិច្ច
ហុងគ្រីគឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៤៨ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លំាងជាងគេបំផុតនៅលើពិភពលោក (ឆ្នាំ២០១៨)។ ចំណែកឯ ផលិតផលនៅក្នុងស្រុកសរុប ឬ GDP គឺ១១៥.៧០៣ពាន់លានដុល្លារ (២០១៨) ជាមួយកំណើន៤.៩ភាគរយ ខណៈកំណើនក្នុងឆ្នាំ២០១៩ នេះមានអត្រា ៣.៥ភាគរយ។
- GDP សម្រាប់ប្រជាជនក្នុងម្នាក់ ប្រទេសហុងគ្រីជាប់ចំណាត់ថ្នាក់លេខ៥២ ដោយប្រជាជនម្នាក់អាចរក ចំណូលបាន ១៥,៩២៣ដុល្លារក្នុងមួយឆ្នាំ។ ដោយឡែក សេដ្ឋកិច្ចប្រទេសហុងគ្រី វិញពឹងផ្អែកសំខាន់លើ វិស័យដូចជា រ៉ែ អេឡិចត្រូនិក វាយនភណ្ឌ និងព័ត៌មានវិទ្យាជាដើម។
ហុងគ្រីបានក្លាយជាសមាជិកអង្គការណាតូ នៅឆ្នាំ១៩៩៩ និងសមាជិកសហភាពអឺរ៉ុប នៅឆ្នាំ២០០៤ ហើយក៏ជាសមាជិកអង្គការសហប្រជាជាតិ និងធនាគារពិភពលោកផងដែរ៕