(ប៉េកាំង)៖ ការិយាល័យរដ្ឋាភិបាលនៃទីក្រុងហុងកុង ត្រូវបន្តបិទទ្វារជាបណ្ដោះអាសន្ន នៅថ្ងៃព្រហស្បតិ៍នេះ និងនៅថ្ងៃសុក្រស្អែកនេះ ដោយសារតែបញ្ហាសុវត្ថិភាពបន្ទាប់ពីបាតុកម្ម តវ៉ាទ្រង់ទ្រាយធំនៅតែបន្តកើតមានឡើង ប្រឆំាងការអនុម័តច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងសេក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលក្រុងហុងកុងបានបញ្ជាក់ដូច្នេះថា «ដោយសារតែបញ្ហា សុវត្ថិភាព ការិយាល័យកណ្ដាលរបស់រដ្ឋាភិបាល (CGO) នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្ននៅថ្ងៃនេះ និងនៅថ្ងៃស្អែក (ថ្ងៃទី១៣ និងទី១៤ ខែមិថុនា)។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែល ក៏បានជូនដំណឹងផងដែរថាបុគ្គលិក CGO ទាំងអស់ មិនចាំបាច់មកធ្វើការនៅការិយាល័យទេ ប៉ុន្តែត្រូវធ្វើការតាមផែនការបន្ទាន់នានានៃការិយាល័យ ឬនាយកដ្ឋានដែលខ្លួនកំពុងបម្រើការ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធបាតុកររាប់សែននាក់ បានប្រមូលផ្ដុំធ្វើបាតុកម្មតវ៉ាជាថ្មី នៅក្នុងទីក្រុងហុងកុង ដើម្បីប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នដែលពួកគេយល់ថា បំផ្លាញដល់ស្វ័យភាពរបស់ក្រុងហុងកុង។ នៅក្នុងករណីដែលច្បាប់ធ្វើបត្យប័នត្រូវបានអនុម័តមែន នោះអាជ្ញាធរក្រុងហុងកុងនឹងមានសិទ្ធិបញ្ជូនជនសង្ស័យ (ប្រព្រឹត្តបទល្មើស) ទៅកាន់ចិនដីគោក។ ទោះបីជាមានការតវ៉ាបែបនេះក៏ដោយ ក៏ទីក្រុងប៉េកាំង និងរដ្ឋបាលទីក្រុងហុងកុងផ្ទាល់បានអះអាងថា នឹងអនម័តច្បាប់ខាងលើនេះឲ្យបាន៕