(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះបានអះអាងថា ប្រទេសប៉ូឡូញបានបញ្ជាទិញ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 ចំនួន ៣២គ្រឿង នាឱកាសដែលប្រធានាធិបតីប៉ូឡូញ លោក អានដ្រាហ្សេច ឌូដា (Andrzej Duda) បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។
ការសម្រេចចិត្តទិញ F-35 ចំនួន ៣២គ្រឿងខាងលើនេះ ត្រូវបានប្រកាសដោយក្រុមមន្ត្រីអាមេរិក បន្ទាប់ពីលោក Duda និងលោក ដូណាល់ ត្រាំ ចូលរួមទស្សនាការសម្ដែងការហោះហើរមួយប្រាវ របស់កងយន្ដហោះ F-35 ពីលើសេតវិមាន។
គួរជម្រាបថា ជាធម្មតាការហោះហើរទាំងឡាយពីលើសេតវិមានត្រូវបានហាមឃាត់។ ប៉ុន្តែលោក ត្រាំ បាននិយាយថា លោកចង់ឃើញ F-35 សម្ដែងការហោះហើរពីលើតំបន់ហាមឃាត់នេះ នាឱកាសជួបជាមួយលោក Duda។ ការសម្រេចចិត្តក៏បានកើតមានឡើងក្រោយពីអាមេរិក បានប្រកាសបញ្ជូនទ័ពរបស់ខ្លួន ១,០០០នាក់ទៅកាន់ប៉ូឡូញផងដែរ៕