(សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) នឹងបំពេញដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ព្រំដែនគ្មានយោធា​រវាងប្រទេសទាំងកូរ៉េទាំងពីរ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអតីតជំទាវទីមួយកូរ៉េខាងត្បូង លោកស្រី លី ហ៊ីហូ (Lee Hee-ho) ដែលទើបទទួលមរណភាព។ នេះបើតាមប្រភពពី​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា អ្នកនាង គីម យ៉ូចុង នឹងធ្វើដំណើរដល់ភូមិ ផាន់ម៉ុនចុម (Panmunjom) នៅល្ងាចថ្ងៃពុធនេះ ហើយអ្នកនាងក៏ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូងផងដែរ។

គួរជម្រាបថា លោកស្រី លី ហ៊ីហូ ដែលជាភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង (Kim Dae-jung) បានទទួលមរណភាពកាលពីថ្ងៃចន្ទកន្លងទៅក្នុងជន្មាយុ ៩៦ឆ្នាំ។ លោក គីម ដេជុង គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលបានជួបជាមួយអតីតមេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ីល កាលពីឆ្នាំ២០០០ មុននឹងលោកទទួលមរណភាពនៅឆ្នាំ២០០៩។ ដោយឡែកកាលពីចុងឆ្នាំ២០១១ ក្រោយពេលលោក គីម ជុងអ៊ីល ទទួលមរណភាព លោកស្រី លី និងក្រុមគ្រួសារគឺជាប្រតិភូ​តំណាងកូរ៉េខាងត្បូងតែមួយគត់ ដែលបានចូលទៅសម្តែងមរណទុក្ខដល់រដ្ឋធានីព្យុងយ៉ាង ទាំងដែលលោកស្រី​កាលណោះមានសុខភាពទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ៕