(តូក្យូ)៖ យោធាអាមេរិកនិងយោធាជប៉ុន កំពុងតែធ្វើសមយុទ្ធរួមគ្នា នៅក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយវត្តមានរបស់នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាដឹកឧទ្ធម្ភាគចក្រ JS Izumo របស់ជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន Sankei Shimbun នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។
បើតាមសារព័ត៌មានខាងលើ សមយុទ្ធយោធានេះ ត្រូវបានចាប់ផ្តើមតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ក្រៅពីនាវា USS Ronald Reagan និងនាវា JS Izumo នាវាពិឃាតជប៉ុន០២គ្រឿងទៀត គឺ JS Murasame និង JS Akebone ក៏បានចូលរួមក្នុងការហ្វឹកហាត់នេះផងដែរ ដែលផ្តោតសំខាន់ទៅលើការហាត់សមធ្វើដំណើររួមគ្នា។ ទង្វើនេះត្រូវគេមើលឃើញថា ជាការដំឡើងសាច់ដុំរបស់សម្ព័ន្ធមិត្តទាំងពីរ ដាក់ប្រទេសចិន ខណៈទីក្រុងប៉េកាំងតែងតែរិះគន់តវ៉ា និងថ្កោលទោស ចំពោះការចល័តនាវាយោធារបស់អាមេរិក ទៅកាន់សមុទ្រចិនខាងត្បូង ដោយថាវាគឺជាការរំលោភអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ យោធាចិនក៏បានចល័តក្បួននាវាដឹកយន្តហោះចម្បាំង Liaoning របស់ខ្លួន ឲ្យទៅឆ្លងកាត់ដែនកោះចំនួនពីរ នៅខេត្ត Okinawa របស់ប្រទេសជប៉ុនផងដែរ៕