(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និង១២នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីការធ្លាក់ភ្លៀង​យ៉ាងខ្លាំងក្លា បានបង្ក​ជាគ្រោះទឹកជំនន់ នៅឯតំបន់ភាគខាងត្បូងប្រទេសចិន៕

 

២៖ ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានឈានដល់កិច្ចព្រមព្រៀងគ្នា ហើយក្នុងការបញ្ចុះតម្លៃ ៨.៨ភាគរយ ចំពោះយន្ដហោះចម្បាំងបំបាំងកាយ F-35A ដើម្បីឲ្យតម្លៃរបស់វាធ្លាក់មក នៅជាង ៨០លានដុល្លារ ខណៈតម្លៃដើមគឺជិត ៩០លានដុល្លារឯណោះក្នុងមួយគ្រឿងតបទៅតាម ការត្អូញត្អែរពីអតិថិជន៕

 

៣៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យទទួលស្គាល់ លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃទី២៩ ជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារនេះ ហើយវាក៏ជាអាណត្តិ ទីពីររបស់លោកផងដែរ បើទោះជាសមាសភាពរដ្ឋាភិបាលចម្រុះនៅមានភាពស្រពិចស្រពិលក៏ដោយ៕

 

៤៖ ក្រសួងយុត្តិធម៌អាមេរិកបានផ្ញើសំណើជាផ្លូវការមួយ ទៅកាន់អាជ្ញាធរអង់គ្លេសសម្រាប់ការធ្វើបត្យាប័ននាំខ្លួន មេវែបសាយបញ្ចេញព័ត៌មានសម្ងាត់ WikiLeaks គឺលោក ជូលៀន អាស្សាង (Julian Assange) មកកាត់ទោសនៅសហរដ្ឋអាមេរិក៕

 

៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យក្រសួងការពារជាតិអាមេរិកបង្កើនការផលិតយន្ដហោះ ដ្រូនខ្នាតតូច ហើយការបង្គាប់នេះធ្វើឡើងនៅក្នុងលិខិតមួយ ផ្ញើជូនគណៈកម្មាធិការហិរញ្ញវត្ថុ និងគណៈកម្មាធិការ ធនាគារ​នៃព្រឹទ្ធសភាអាមេរិក៕

 

៦៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោល នូវគោលនយោបាយអរិភាពប្រឆាំងទីក្រុងព្យុងយ៉ាង បើមិនចង់ឱ្យកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងប្រទេស ទាំង២នៅក្នុងប្រទេសសិង្ហបុរីកា្លយជា«ក្រដាសសទទេមួយសន្លឹក»៕