(ប៉េកាំង)៖ ចិននឹងគ្មានជម្រើសអ្វីផ្សេងនោះឡើយ ក្រៅតែពីឆ្លើយតបដោយម៉ឺងម៉ាត់តបទៅវិញ ប្រសិនបើអាមេរិកនៅតែបន្តបង្កើនភាពតានតឹង នៃជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមប្រភពពីក្រសួងការបរទេសចិន ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
នាថ្ងៃអង្គារនេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្សាង (Geng Shuang) បាននិយាយថា «ចិនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនោះទេ ប៉ុន្តែយើងក៏មិនខ្លាចនឹងធ្វើសង្រ្គាមពាណិជ្ជកម្មដែរ។ ប្រសិនបើសហរដ្ឋអាមេរិក ចង់តែបង្កើនកម្តៅនៃភាពតានតឹងទៀតនោះ យើងច្បាស់ជានឹងតបតដោយម៉ឹងម៉ាត់ និងប្រយុទ្ធដល់ទីបញ្ចប់»។ លោក Geng ក៏បានសង្កត់ធ្ងន់ដដែលជាដដែលដែរថា កិច្ចចរចាបើចាប់ផ្តើមឡើងវិញ ត្រូវតែឈរលើគោលការណ៍ស្មើភាពគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
គួរជម្រាបថា ការគូសបញ្ជាក់របស់ក្រសួងការបរទេសចិន កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសលោកនឹងដំឡើងពន្ធលើទំនិញចិន ក្នុងទំហំរាប់រយពាន់លានដុល្លារថែមទៀត ប្រសិនបើជំនួបជាមួយលោក ស៊ី ជិនពីង ក្នុងឱកាសកិច្ចប្រជុំកំពូល G20 ក្នុងខែមិថុនានេះ មិនទទួលបានលទ្ធផលអ្វីទេនោះ។
ទាក់ទងនឹងគម្រោងជួបគ្នារវាងលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា (Osaka) នៃប្រទេសជប៉ុន នាចុងខែមិថុនានេះ មិនទាន់មានការបញ្ជាក់ទទួលស្គាល់ពីខាងចិននៅឡើយទេ ប៉ុន្តែខាងសហរដ្ឋអាមេរិកវិញ គឺបានប្រកាសតាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះថា លោក ត្រាំ និងលោក ស៊ី នឹងជួបគ្នា ដើម្បីពិភាក្សាអំពីសង្គ្រាមដំឡើងពន្ធ ខណៈពិភពលោករំពឹងទទួលបានលទ្ធផលវិជ្ជមាន៕