(ប៉េកាំង)៖ ក្រសួងការបទេសចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបន្តគាំទ្រដល់រដ្ឋបាលទីក្រុងហុងកុង ក្នុងការអនុម័តច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក បើទោះជាមានការជំទាស់ពីក្រុមបាតុករក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
ប្រតិកម្មរបស់ក្រសួងការបរទេសចិន ធ្វើឡើងក្រោយអភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា លោកស្រីមិនមានគម្រោងដកថយដាច់ខាត នូវផែនការអនុម័តច្បាប់ធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតបញ្ជូនជនសង្ស័យ ទៅឲ្យអាជ្ញាធរចិនដីគោក។ លោកស្រីអភិបាលក្រុងហុងកុងបានលើកឡើងយ៉ាងដូច្នេះថា «ផែនការនេះគឺជាគន្លឹះដ៏សំខាន់បំផុតមួយ ដែលនឹងជួយពង្រឹងយុត្តិធម៌ ហើយក៏នឹងជួយធានាថា ទីក្រុងហុងកុង នឹងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆ្លងដែន»។
គួរជម្រាបថា ជុំវិញច្បាប់ធ្វើបត្យាប័ននេះដែរ មនុស្សដល់ទៅជាងមួយលាននាក់បានចូលរួមធ្វើបាតុកម្ម ប្រឆាំងជំទាស់កាលពីថ្ងៃអាទិត្យ។ តែស្ថាប័នប៉ូលិសទីក្រុងវិញបានប៉ាន់ស្មានថា មនុស្សម្នាត្រឹមតែ ២៤០,០០០នាក់ប៉ុណ្ណោះបានចូលរួម។ ដោយឡែកអំពើហិង្សាក៏បានផ្ទុះឡើងនាយប់ថ្ងៃអាទិត្យ។
ទីក្រុងហុងកុងដែលជាតំបន់ស្វយ័តពិសេស នៅក្នុងប្រទេសចិន គឺមិនមានប្រព័ន្ធច្បាប់ដូចចិនដីគោកនោះឡើយ ខណៈទីក្រុងនេះដើរតាមរដ្ឋាភិបាល ទីក្រុងប៉េកាំង តែនយោបាយការបរទេស និងនយោបាយការពារជាតិប៉ុណ្ណោះ។ ក៏ប៉ុន្តែលោកស្រី Lam បានស្នើឲ្យធ្វើវិសោធនកម្មច្បាប់នៃការធ្វើបត្យាប័នខាងលើនេះ ដែលនឹងត្រូវរៀបចំស្នើសុំការអនុម័តនៅថ្ងៃទី១២ ខែមិថុនា ដោយលោកស្រីចង់ធានាឲ្យមានអនុវត្តន៍ច្បាប់ស្របគ្នាមួយ ដើម្បីដោះស្រាយបទឧក្រិដ្ឋកម្មឆ្លងដែន មិនថាតែជាមួយចិននោះឡើយតែវាក៏គ្របដណ្តប់ លើបញ្ហាប្រទេសផ្សេងទៀតផងដែរ៕