Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើជប៉ុនអាចដើរតួនាទីជាអ្នកបន្ធូរបន្ថយជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់បានដែរឬទេ? (Video inside)

10-06-2019 14:05

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ នៅក្នុងសប្ដាហ៍នេះ ស្របពេលមានការរំពឹងថា លោកនឹងដើរតួនាទីជាមេអណ្ដើកផ្សះផ្សាភាពតានតឹងរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនមានតានតឹងនឹងគ្នា ក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨។ ប៉ុន្តែសព្វថ្ងៃ ប្រទេសទាំងពីរកាន់តែមើលមុខគ្នាមិនចំ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបង្កើនវត្តមានយោធា​នៅក្នុងតំបន់មជ្ឈិមបូព៌ា និងទណ្ឌកម្មសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងការអំពាវនាវ​ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាជប៉ុនជាដើម ឈប់ទិញប្រេងពីអ៊ីរ៉ង់ផងដែរ។ ដោយឡែកជុំវិញភាពតានតឹងនេះដែរ មន្ត្រីជាន់ខ្ពស់ជប៉ុនជាច្រើននាក់បានអះអាងថា លោក អាបេ នឹងមិនមែនមានវត្តមានក្នុងទីក្រុងតេហេរ៉ង់ ដើម្បីតំណាងឱ្យសហរដ្ឋអាមេរិកនោះទេ ពោលគឺជប៉ុននឹងឈរលើគោលជំហរអព្យាក្រឹត។

គួរបញ្ជាក់ថា លោក អាបេ នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី និងមេដឹកនាំកំពូល លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) នាឱកាសបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុត ដែលយកជើងជាន់ដី អ៊ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៧៨មក៕