(ហុងកុង)៖ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា លោកស្រីមិនមានគម្រោងដកថយដាច់ខាតនូវផែនការមួយ ដែលកំពុងបង្កភាពចម្រូងចម្រាសជាខ្លាំង គឺការអនុញ្ញាតឲ្យធ្វើបត្យាប័នជនសង្ស័យ ទៅឲ្យអាជ្ញាធរចិនដីគោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP ដកស្រង់ដោយ Sputnik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកស្រីអភិបាលក្រុងហុងកុង បានលើកឡើងដូច្នេះថា «ផែនការនេះគឺជាគន្លឹះដ៏សំខាន់បំផុតមួយ ដែលនឹងជួយពង្រឹងយុត្តិធម៌ ហើយក៏នឹងជួយធានាថាទីក្រុងហុងកុង នឹងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆ្លងដែន»។ លោកស្រី Lam បានគូសបញ្ជាក់បែបនេះ ក្រោយបាតុកម្មទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងដើម្បីប្រឆាំងផែនការរបស់លោកស្រី កាលពីថ្ងៃអាទិត្យម្សិលមិញ។ បើតាមអ្នករៀបចំក្បួនដង្ហែរបាតុកម្ម គឺមនុស្សដល់ទៅជាងមួយលាន នាក់បានចូលរួម តែស្ថាប័នប៉ូលិសទីក្រុងវិញបានប៉ាន់ស្មានថា មនុស្សម្នាត្រឹមប៉ុណ្ណោះ ២៤០,០០០បានចូលរួម។ ដោយឡែកអំពើហិង្សាក៏បានផ្ទុះឡើងនាយប់ថ្ងៃអាទិត្យ។
គួរជម្រាបថា ទីក្រុងហុងកុងដែលជាតំបន់ស្វយ័តពិសេស នៅក្នុងប្រទេសចិន គឺមិនមានប្រព័ន្ធច្បាប់ដូចចិនដីគោកនោះឡើយ ខណៈទីក្រុងនេះដើរតាមរដ្ឋាភិបាល ទីក្រុងប៉េកាំង តែនយោបាយការបរទេស និងនយោបាយការពារជាតិប៉ុណ្ណោះ។ ក៏ប៉ុន្តែលោកស្រី Lam បានស្នើឲ្យធ្វើវិសោធនកម្មច្បាប់នៃការធ្វើបត្យាប័នខាងលើនេះ ដែលនឹងត្រូវរៀបចំស្នើសុំការអនុម័តនៅថ្ងៃទី១២ ខែមិថុនា ដោយលោកស្រីចង់ធានាឲ្យមាន អនុវត្តន៍ច្បាប់ស្របគ្នាមួយ ដើម្បីដោះស្រាយបទឧក្រិដ្ឋកម្មឆ្លងដែន មិនថាតែជាមួយចិននោះឡើយ តែវាក៏គ្របដណ្តប់លើបញ្ហាប្រទេសផ្សេងទៀតផងដែរ៕