(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែរែមី ហាន់ត៍ (Jeremy Hunt) បានឱ្យដឹងថា សហភាពអឺរ៉ុបមានបំណងចង់ចរចាជាថ្មីឡើងវិញជាមួយអង់គ្លេស ជុំវិញកិច្ចព្រមព្រៀងលែងលះ «Brexit» ដែលកំពុងបង្កការបែកបាក់ នៅក្នុងចំណោមអ្នកនយោបាយអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

លោក Jeremy Hunt ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News កាលពីថ្ងៃអាទិត្យ ដោយផ្អែកលើសម្ដីរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ដែលបានជួបសន្ទនាជាមួយរូបលោកផ្ទាល់ នាឱកាសនៃការប្រារព្ធទិវា D-Day។ លោក Hunt បានគូសបញ្ជាក់យ៉ាងដូច្នេះថា « លោកស្រី មឺគែល បានប្រាប់ខ្ញុំថា សហភាពអឺរ៉ុបចង់ស្វែងរកដំណោះស្រាយនានា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី... ហើយខ្ញុំជឿជាក់ថា បើសិនជាយើងសម្រេចចិត្តដើរផ្លូវមួយនេះ នោះសហភាពអឺរ៉ុបនឹងចរចាស្ដីពី Brexit ជាមួយពួកយើងឡើងវិញ»

គួរបញ្ជាក់ថា លោក Jeremy Hunt គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនល្បីៗជាច្រើននាក់ ដែលកំពុងប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May)។ លោកស្រី May បានប្រកាសលាលែងពីតំណែងជា នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សអភិរក្សនិយម ដោយសារតែលោកស្រី ដោយសារតែមិនអាចយកអង់គ្លេស ចេញពីសហភាពអឺរ៉ុបបានតាមការសន្យា៕