Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកច្រកព្រំដែនថ្ងៃដំបូង! ប្រជាជនវេណេស៊ុយអេឡាជាង ៣០,០០០នាក់ ឆ្លងព្រំដែនទៅកូឡុំប៊ី (Video inside)

09-06-2019 14:30

(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ី បានឱ្យដឹងថាប្រជាជនវេណេស៊ុយអេឡារាប់ម៉ឺននាក់ បានឆ្លងព្រំដែនចូលមកក្នុងទឹកដី របស់ខ្លួនដើម្បីទិញទំនិញ បន្ទាប់ពីច្រកព្រំដែនមួយចំនួនរវាងប្រទេសទាំង២ បើកឡើងវិញជាលើកដំបូង អស់រយៈ ពេល​ជាង៤ខែមកនេះ កាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។

ច្រកព្រំដែនរវាងប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី ត្រូវបានបិទកាលពីខែកុម្ភៈកន្លងទៅ តាមបញ្ជារបស់ ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងគោលបំណងរារាំងមិនឱ្យមេដឹកនាំបក្សប្រឆាំង Juan Guaidó នាំក្បួនរថយន្ដ ដឹកនំាមនុស្សធម៌របស់សហរដ្ឋអាមេរិក ពីកូឡុំប៊ីចូលមកក្នុងទឹកដីវេណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ បានចោទថា ទីក្រុងវ៉ាស៊ីនតោន ចង់យកជំនួយមនុស្សធម៌ទាំងនេះជាលេស ធ្វើអន្តរាគមន៍ទម្លាក់រូបលោកពីអំណាច។

គួរជម្រាបថា បើតាមអាជ្ញាធរកូឡុំប៊ី ប្រជាជនវេណេស៊ុយអេឡាជាង ៣០,០០០នាក់ បានឆ្លងព្រំដែនចូលមកក្នុង ទឹកដីកូឡុំប៊ី ដែលភាគច្រើនក្នុងចំណោមអ្នកទាំងនេះចូលមកដើម្បីទិញទំនិញ បន្ទាប់ពីច្រកព្រំដែនប្រទេសទាំង២ បើកឡើងវិញកាលពីថ្ងៃសៅរ៍។ ដោយឡែក បើតាម UN ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ ប្រជាជនវេណេស៊ុយអេឡា ច្រើនជាង៤លាននាក់បានចាកចេញពីប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ ចាប់តាំងពីឆ្នាំ២០១៥មក៕