(ហុងកុង-ស៊ីអិនអិន)៖ អស់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកតែងតែម៉ាក់ងាយ និងមើលស្រាលមកលើបច្ចេកវិទ្យារបស់ប្រទេសរុស្ស៊ី និងចិន ដែលជាពិសេសគឺចិនតែម្តង។
តាំងពីដើមមកអាមេរិកតែងតែមើលឃើញថា បច្ចេកវិទ្យារបស់ប្រទេសទាំងពីរ គឺមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗនៅឯតំបន់ Silicon Valley របស់ខ្លួនបានឡើយ។ ប៉ុន្តែភាពជោគជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យានៃក្រុមហ៊ុនចិនបានធ្វើឲ្យឥរិយាបថនេះ ចាប់ផ្តើមរលាយសាបសូន្យទៅបន្តិចម្តងៗ។
នាសប្តាហ៍នេះ ប្រធានាធិបតីចិន និងរុស្ស៊ី បានសម្រេចចាប់ដៃគ្នាឆ្ពោះទៅមុខ ជាមួយបច្ចេកវិទ្យាអ៊ីនធើណែតជំនាន់ថ្មី 5G របស់ប្រទេសចិន ហើយនាពេលនេះ គឺសហរដ្ឋអាមេរិកម្តង ដែលត្រូវប្រឈមក្នុងហានិភ័យនៃការដើរក្រោយគេ ព្រោះអាមេរិកមិនទាន់អភិវឌ្ឍន៍បានបច្ចេកវិទ្យាដ៏ទំនើបនេះ ឲ្យទាន់សភាពការណ៍នៅឡើយទេ។
សសរគ្រឹះដ៏សំខាន់នៃបច្ចេកវិទ្យា 5G របស់ចិនគឺ Huawei ដែលគ្រប់គ្នាទទួលស្គាល់ថា ជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាទូរគមនាគមន៍ ធំជាងគេបំផុតនៅលើពិភពលោក និងកំពុងឈានមុខក្នុងខាងបច្ចេកវិទ្យា 5G។ ផ្ទុយពីរដ្ឋាភិបាលរុស្ស៊ី សហរដ្ឋអាមេរិកវិញមិនបានស្វាគមន៍ 5G របស់ចិននោះឡើយ ដោយទីក្រុងវ៉ាស៊ីនតោនបានហាម Huawei មិនឲ្យមានជាប់ពាក់ព័ន្ធក្នុងបណ្តាញ 5G របស់អាមេរិកដាច់ខាត ហើយបានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ Software និងគ្រឿងបន្លាស់ផ្សេងៗរបស់ក្រុមហ៊ុនអាមេរិក ដែល Huawei ត្រូវការចាំបាច់សម្រាប់ស្មាតហ្វូន និងឧបករណ៍ Network របស់ខ្លួនថែមទៀត។
ក្រៅពីហាមឃាត់ខ្លួនឯង សហរដ្ឋអាមេរិកក៏បានប្រកូកប្រកាសឲ្យប្រទេសដទៃ ជាពិសេសសម្ព័ន្ធមិត្តខ្លួនឲ្យចេញបម្រាម ឬយ៉ាង ហោចណាស់ដាក់កំហិតលើការប្រើប្រាស់ ឧបករណ៍នានារបស់ក្រុមហ៊ុន Huawei ក្នុងការស្ថាបនាបណ្តាញ 5G របស់ពួកគេ តាមរយៈការព្រមានថា រដ្ឋាភិបាលចិនអាចស៊ើបយកការណ៍សម្ងាត់បាន។ យ៉ាងណាមិញ Huawei បានបញ្ជាក់ជាដដែលៗថា ផលិតផលរបស់ខ្លួនពុំមានបង្កហានិភ័យ ដល់សន្តិសុខជាតិប្រទេសណាមួយនោះទេ។
ខណៈទីក្រុងមួយចំនួនរបស់អាមេរិក បានចាប់ផ្តើមត្រៀមដំណើរការបច្ចេកវិទ្យា 5G ជាបណ្តើរៗហើយនោះ អ្នកវិភាគបានលើកឡើងថា ការដាក់បម្រាមលើ Huawei បង្កជាហានិភ័យធ្វើឲ្យយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យា 5G នៅទូទាំងអាមេរិក និង អាចធ្វើឲ្យបច្ចេកវិទ្យានេះនៅអាមេរិកដើរក្រោយចិន។ មិនតែប៉ុណ្ណោះសូម្បីតែរុស្ស៊ី ដែលពុំសូវជាមានមុខមានមាត់ប៉ុន្មាន នៅលើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ទំនើបចុងក្រោយនេះ ក៏អាចនឹងបោះជំហានទៅមុនអាមេរិកដែរ តាមរយៈការសហការជាមួយចិន។
គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានប្រកាសដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei កាលពីខែឧសភា ក្រុមហ៊ុន Google ក៏បានសម្រេចដាក់កំហិតលើ Huawei ជុំវិញការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ អ្នកជំនាញផ្នែកបច្ចេកវិទ្យា បានមើលឃើញថា ទោះបីជាការដាក់បម្រាមរបស់អាមេរិក ប្រហែលអាចធ្វើឲ្យ Huawei ជួបបញ្ហាខ្លះក្នុងរយៈពេលខ្លីក៏ដោយ ទៅថ្ងៃខាងមុខវានឹងជំរុញឲ្យក្រុមហ៊ុន Huawei ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃៗទៀត ក្លាយជាក្រុមហ៊ុនដ៏រឹងមាំ ដែល អាចបង្កើតបច្ចេកវិទ្យាដោយខ្លួនឯងសុទ្ធសាធ មិនបាច់ពឹងប្រទេសដទៃ។ ប្រការនេះនឹងធ្វើឲ្យក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google ជាដើម ធ្លាក់ចុះខ្សោយឥទ្ធិពលនៅលើឆាកអន្តរជាតិ បើយើងមើលឲ្យវែងឆ្ងាយទៅ។
បើតាមសេចក្តីរាយការណ៍ខាងលើ ក្រុមហ៊ុន Google មានក្តីព្រួយបារម្ភជាចម្បងថា ក្រុមហ៊ុននឹងលែងត្រូវបានអនុញ្ញាតឲ្យផ្តល់ ការអាប់ដេតដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei តទៀត វានឹងបង្ខំឲ្យ Huawei បង្កើតប្រព័ន្ធប្រតិបត្តិការ Android ដែលជា Version របស់ Huawei ផ្ទាល់។ Google បានអះអាងថា Android ដែលត្រូវបានកែប្រែហើយ រួចយកទៅដំណើរការលើស្មាតហ្វូនរបស់ Huawei នឹងងាយប្រឈមការចូលលុកលុយតាមផ្នែកព័ត៌មានវិទ្យា (Hack)។
យោងតាមសារព័ត៌មាម Finacial Times ក្រុមហ៊ុន Google កំពុងតែព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនយក្សនេះ នៅតែទទួលបានការលើកលែងក្រោមបម្រាម ពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក ដើម្បីអាចបន្តទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុន Huawei។ ដោយឡែកប្រទេសមួយចំនួនដូចជា ប្រេស៊ីល ម៉ាឡេស៊ី និងឆេកជាដើម សុទ្ធតែបានប្រកាសជាផ្លូវការអំពីទំនុកចិត្ត និងភាពចាំបាច់លើកិច្ចសហប្រតិបត្តិការជាមួយ Huawei ដោយមិនអាចធ្វើតាមការអំពាវនាវ ដោយឯកតោភាគីរបស់អាមេរិកនោះឡើយ៕
ប្រភព៖ សារព័ត៌មានអាមេរិក CNN (ដកស្រង់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩