(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន) សប្តាហ៍នេះថា ខ្លួនកំពុងតែរៀបចំ «ដកសិទ្ធិប្រទេសតួកគី» ចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង និងបំបាំងកាយ F-35 ពីព្រោះតែរដ្ឋាភិបាលប្រទេសនេះ មិនបង្ហាញសញ្ញាអ្វីសោះថា នឹងលុបកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី តបតាមការអំពាវនាវយ៉ាងទទូចពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនានាក្នុងអង្គការ NATO បានសម្តែងការតវ៉ាជាច្រើនខែមកហើយ ជុំវិញកិច្ចព្រមព្រៀងទិញ S-400 រវាងតួកគី និងរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជារឿងគ្រោះថ្នាក់សម្រាប់យុទ្ធសាស្ត្ររបស់អង្គការនេះ ព្រោះរុស្ស៊ីអាចប្រើប្រាស់ការដាក់ពង្រាយ S-400 នៅលើទឹកដីតួកគី ដើម្បីធ្វើការស៊ើបអង្កេតលើបច្ចេកវិទ្យាសម្ងាត់ នៃការផលិតយន្តហោះ F-35 ដែលមានប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ចក្រភពអង់គ្លេស តួកគី កាណាដា ន័រវេស ហូឡង់ អ៊ីតាលី និងអ៊ីស្រាអែលបានចូលរួមអភិវឌ្ឍន៍។
ជុំវិញបញ្ហាខាងលើនេះ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកលោកស្រី អេឡេន ឡដ (Ellen Lord) បានប្រាប់អ្នកសារព័ត៌មាននានា នៅក្នុងមន្ទីរបញ្ចកោណយ៉ាងដូច្នេះថា «តួកគីនឹងមិនទទួលបាន F-35 ទៀតនោះឡើយ ប្រសិនបើប្រទេសនេះទទួលយកប្រព័ន្ធ S-400។ អ្វីដែលយើងបាន សម្រេចចិត្តរួចហើយ គឺមិនអាចកែប្រែឡើងវិញបាននោះទេ...»។ ដោយឡែករដ្ឋមន្ត្រីការពារជាតិ ស្តីទីរបស់អាមេរិកវិញ គឺលោក ហ្សាណាហាន (Shanhan) ក៏បានទាក់ទងទៅសមភាគីតួកគី រួចរាល់ហើយដែរ អំពីការត្រៀមដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍ F-35 ខាងលើនេះ បើតួកគីនៅតែមិនព្រមធ្វើតាម អាមេរិកអំពាវនាវទៀតនោះ។
គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍ដដែលនេះ សហរដ្ឋអាមេរិកក៏ទើបតែបានប្រកាសអំពីទណ្ឌកម្ម ដំបូង ទៅលើប្រទេសតួកគីផងដែរ ដើម្បីឆ្លើយតបទៅនឹងការរឹងទទឹងរបស់ទីក្រុងអង់ការ៉ា ក្នុងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នោះគឺអាកាសយានិកថ្មីៗរបស់រុស្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហ្វឺន ជំនាញបើកបរយន្តហោះចម្បាំង F-35 នៅក្នុងមូលដ្ឋនហ្វឹកហាត់របស់អាមេរិកទៀតឡើយ៕