(រីយ៉ូ)៖ ប្រទេសធំបំផុតនៅទ្វីបអាមេរិកខាងត្បូង គឺប្រេស៊ីលទើបតែបានប្រកាសថា ខ្លួននឹងមិនធ្វើការដាក់បម្រាមទៅលើក្រុមហ៊ុនចិន Huawei ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅលើទឹកដីអាមេរិកឡាទីននេះឡើយ ដែលវាមានន័យថា រដ្ឋាភិបាលប្រេស៊ីលនៅតែស្វាគមន៍ ការវិនិយោគរបស់ក្រុមហ៊ុនយក្សចិននេះដដែល។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាមដាក់ទណ្ឌកម្មលើ Huawei និងកៀរគរសម្ព័ន្ធមិត្តនានា របស់ខ្លួនឲ្យដើរតាមនោះ ប្រទេសប្រេស៊ីលហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះរឿងនេះឡើយ។ ជុំវិញបញ្ហានេះអនុប្រធានាធិបតីប្រេស៊ីលលោក ហាមីលតុន មួរ៉ាវ (Hamilton Mourao) បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន វ៉ាឡឺ អេខូណូមីកូ (Valor Economico) ក្នុងសប្តាហ៍នេះយ៉ាងដូច្នេះថា៖ «ទេ! មិនមែនទីនេះទេ... មិនមែនជារដ្ឋាភិបាលរបស់យើងឡើយ... យើងជាប្រទេស ដែលត្រូវការចាំបាច់ នូវកិច្ចសហការផ្នែកឌីជីថលប្រកបដោយភាពចាំបាច់បំផុត។ អ្នកអាចចាកចេញពីទីក្រុងប្រេស៊ីឡា ក្នុងរយៈចម្ងាយតែ ៥០គីឡូម៉ែត្រប៉ុណ្ណោះ នោះអ្នកប្រាកដជាគ្មានសេវាទូរស័ព្ទប្រើទៀតនោះឡើយ...»។
ការលើកឡើងរបស់លោក Mourao ខាងលើនេះ គឺជាការឆ្លើយបទៅនឹងសំនួរថា តើរដ្ឋាភិបាលប្រេស៊ីល នឹងធ្វើការហាមឃាត់ Huawei ដូចអាមេរិកកំពុងបំផុសបណផុតដែរ ឬយ៉ាងណា ហើយចម្លើយខាងលើនេះ គឺច្បាស់លាស់អំពីជំហររបស់រដ្ឋាភិបាលប្រេស៊ីល។ លោកអនុប្រធានាធិបតីក៏បានបង្ហើបផងដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានទាក់ទងមកកាន់ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ឲ្យលុបចោលគំរោងអភិវឌ្ឍន៍ ប្រព័ន្ធទូរស័ព្ទរវាងប្រេស៊ីល និងក្រុមហ៊ុនចិន Huawei កាលពីខែមីនា ប៉ុន្តែប្រេស៊ីលបានរក្សាជំហរមិនផ្លាស់ប្តូរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចដាក់ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅពាណិជ្ជកម្ម ដោយសំអាងទៅលើលទ្ធផល នៃការស៊ើបអង្កេតរបស់ខ្លួនដែលរកឃើញថា ក្រុមហ៊ុនយក្សចិនមួយនេះ បាននិងកំពុងគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ព្រមទាំងបានហាមឃាត់ក្រុមហ៊ុនអាមេរិកនានា មិនឲ្យរកស៊ី ឬផ្តល់សេវាដល់ Huawei ទៀតនោះឡើយ ដូចអ្វីដែលបានកើតមានឡើងកន្លងមក។
ទោះបីជាបែបនេះក្តី បណ្តាប្រទេសធំៗមួយចំនួនជាពិសេសនៅសហភាពអឺរ៉ុប ហាក់មិនទាន់បានបញ្ចេញប្រតិកម្ម ឬក៏មានគំរោងក្នុងការហាមឃាត់ Huawei ទៅតាមការបញ្ចុះបញ្ចូលរបស់លោក ដូណាល់ ត្រាំ នោះឡើយ ខណៈកាលពីខែឧសភា ក្រុមការងារពិនិត្យពិច្ច័យរបស់អឺរ៉ុប បានបញ្ចេញ របាយការណ៍ត្រួតពិនិត្យរបស់ខ្លួន ឲ្យគ្រប់គ្នាបានឃើញយ៉ាងច្បាស់លាស់ថា គ្មានការប្រទះឃើញភាពមិនប្រក្រតី ឬក៏ឧបករណ៍ស៊ើបការណ៍សម្ងាត់ (Backdoors) នៅក្នុងឧបករណ៍ផ្តល់សេវាទាំងអស់របស់ Huawei ដូចអាមេរិកចោទប្រកាន់នោះឡើយ៕